ព័ត៌មានជាតិ

ក្រសួងការងារ បន្តចុះផ្សព្វផ្សាយ កម្មវិធីគោលនយោបាយ អាទិភាព របស់រាជរដ្ឋាភិបាល នៅខេត្តកំពង់ធំ

កំពង់ធំ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុក សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជិត ៣០០នាក់។

លោក​ ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដោយក្នុងនោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើស ទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាព នៅពេលសម្រាលកូន, និងប្រាក់វិភាជន៍បូជាសព នៅពេលពួកគាត់ទទួល មរណភាព ។

លោករដ្ឋលេខាធិការលើកឡើងបន្តថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះ និងទទួលបានការបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល។

ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិតក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានជំនាញ មួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារ នៅតាមសហគ្រាស គ្រឹះស្ថាននានា តាមរយៈការផ្លាស់ប្តូរជំនាញ ការបង្កើនជំនាញ ឬបង្កើនផលិតភាពពេញមួយជីវិត រួមទាំងនិយោជក ម្ចាស់សហគ្រាសដែលមានបំណងបង្កើនប្រសិទ្ធិភាព ផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ ឬចំណេះដឹងផ្នែកសហគ្រិនភាព និងផ្នែកផ្សេងៗ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងការប្រកួតប្រជែង ៕

To Top