ព័ត៌មានអន្តរជាតិ

ចិន ព្រមានប្រឆាំង នឹងការកើតឡើងដដែលៗ នៃសោកនាដកម្មមនុស្សធម៌ នៅតំបន់ West Bank

Xinhua
" "

យូអិន៖ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិនប្រចាំអង្គការ សហប្រជាជាតិ បានឲ្យដឹងថា សហគមន៍អន្តរជាតិ មិនត្រូវអនុញ្ញាតឱ្យសោកនាដកម្មមនុស្សធម៌ នៅតំបន់ហ្គាហ្សាកើតឡើងម្តងទៀត នៅតំបន់ West Bank នោះទេ។

នៅក្នុងសុន្ទរកថានៅឯសន្និសីទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា រួមទាំងសំណួរប៉ាឡេស្ទីន លោក Geng បានឲ្យដឹងថា ទោះបីជាមានការខិតខំប្រឹងប្រែង ជាអន្តរជាតិម្តងហើយម្តងទៀត និងការអំពាវនាវឱ្យមានបទឈប់បាញ់ និងការបញ្ចប់អរិភាពទាំងអស់នៅហ្គាហ្សាក៏ដោយ ក៏នៅតែមិនមានសញ្ញានៃការបន្ធូរបន្ថយ ឬការកាត់បន្ថយការកើនឡើងនៃជម្លោះនោះទេ។

" "

លោកបានលើកឡើងថា “ផ្ទុយទៅវិញ អ្វីដែលយើងឃើញ គឺការបន្តកើនឡើងនៃស្ថានភាពនៅតំបន់ West Bank បន្ថែមពីលើអ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា” ដោយកត់សម្គាល់ថាសប្តាហ៍ក្រោយនឹងប្រារព្ធខែទី១១ នៃជម្លោះនៅតំបន់ហ្គាហ្សា។

" "

លោកឯកអគ្គរដ្ឋទូតបានជំរុញ ឱ្យភាគីនានា ជាពិសេសអ៊ីស្រាអែល បង្ហាញភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ និងបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងឋានៈជាអំណាចកាន់កាប់ បញ្ឈប់សកម្មភាពអ្នកតាំងលំនៅ បញ្ឈប់ការវាយប្រហារ នៅតំបន់ West Bank និងគោរព និងរក្សាស្ថានភាពដែលមានលក្ខណៈជា ប្រវត្តិសាស្ត្រនៃទីកន្លែងសក្ការៈ នៅក្រុងយេរូសាឡឹម។

លោកបានបន្ដថា “សង្រ្គាមនេះបានផ្ទុះឡើងយូរពេក ។ ការចរចាបទឈប់បាញ់ត្រូវបានពន្យារពេលយូរពេក។ ហើយការឈឺចាប់ របស់ប្រជាជនបានបន្តអូសបន្លាយ យូរពេក ដល់​ពេល​ត្រូវ​បញ្ចប់​រឿង​ទាំង​អស់​នេះ​ហើយ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top