ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា មេដឹកនាំអ៊ុយក្រែន ហាក់ដូចជាមនុស្សពិភពផ្កាយ ដែលសម្រេចចិត្តដ៏ឃោរឃៅ ដោយមិនគិតពីការឈឺចាប់ របស់មនុស្សសាមញ្ញ

AFP

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អ៊ុយក្រែន ហាក់ដូចជាត្រូវបានគ្រប់គ្រងដោយ “មនុស្សពិភពផ្កាយ” ដែលធ្វើការសម្រេចចិត្តដ៏ឃោរឃៅ ដោយមិនគិតពីការឈឺចាប់ របស់មនុស្សសាមញ្ញ ។ លោកពូទីនក៏បានព្រមានផងដែរថា យុទ្ធនាការ “ប្រមូលផ្តុំទាំងស្រុងកងទ័ព” របស់ទីក្រុងគៀវ នឹងធ្វើឱ្យប្រទេសអ៊ុយក្រែន កាន់តែគាបសង្កត់ប្រជាជន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) នៅទីក្រុង Vladivostok កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានរំលឹកថា ទីក្រុងម៉ូស្គូ និងទីក្រុងគៀវបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយ ដោយផ្អែកលើការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ចំពោះអព្យាក្រឹតភាព – ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល នៅដើមជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានបង្អាក់វិញ ដោយការអន្តរាគមន៍ពីលោកខាងលិច ដែលចង់បាន “ការបរាជ័យជាយុទ្ធសាស្ត្រ” របស់រុស្ស៊ី។

មេដឹកនាំ​រុស្ស៊ី​បាន​កត់សម្គាល់​ថា អាកប្បកិរិយា​របស់​ទីក្រុង​គៀវ ក្នុង​កាលៈទេសៈ​មិនព្រមព្រៀង។ លោកថា “ពេលខ្លះខ្ញុំមានការចាប់អារម្មណ៍ថា អ្នកដែលគ្រប់គ្រងអ៊ុយក្រែនគឺដូចជា មនុស្សពិភពផ្កាយ ឬជនបរទេស… ពួកគេមិនគិតថា… អ្នកឃើញទេ ការខាតបង់របស់ពួកគេគឺធំធេងណាស់។ ខ្ញុំ​ក៏​មិន​អាច​យល់​ថា តើ​ពួកគេ​នឹង​ធ្វើ​អ្វី​បន្ទាប់​ទៀត» នោះដែរ។

យោងតាមប្រធានាធិបតីរុស្ស៊ី, ជម្រើសតែមួយគត់ដែលនៅសេសសល់សម្រាប់ទីក្រុងគៀវ គឺត្រូវបន្ថយអាយុឱ្យបានទាបនៃការចូលបម្រើទ័ពម្តងទៀត។ នេះនឹងអនុញ្ញាតឱ្យពួកគេ “ជ្រើសរើសកុមារ ដូចដែលពួកណាស៊ីអាល្លឺម៉ង់បានធ្វើជាមួយយុវជនហ៊ីត្លែរ។ ប៉ុន្តែ នេះ​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ… ជំហាន​បន្ទាប់​គឺ​ការ​ហៅ​និស្សិត​មក​ធ្វើ​ការ​បង្ហូរ​ឈាម​។ ជាថ្មីម្តងទៀត វាហាក់បីដូចជាប្រជាជនអ៊ុយក្រែនមិនមែនជាប្រជាជនរបស់ពួកគេទេ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top