ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែ មីនា នេះ បានផ្ញើសារអបអរសាទរ ចំពោះអ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ ដែលបានចាកចេញពីមន្ទីរពេទ្យ និងកោតសរសើរ ចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានខិតខំព្យាបាល អ្នកជំងឺយ៉ាងយកចិត្តទុកដាក់។
យោងតាមសំណេរ Comment ក្នុងការផ្សាយផ្ទាល់ តាមផេកហ្វេសប៊ុក របស់ទូរទស្សន៍ BTV នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរថា “អបអរសាទរចំពោះ អ្នកជាសះស្បើយ និងកោតសរសើរ ចំពោះគ្រូពេទ្យកម្ពុជា ដែលបានខិតខំ ព្យាបាលអ្នកជំងឺ”។
ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសរកឃើញ អ្នកឆ្លងវីរុសCovid-19 ចំនួន១ករណីថ្មីបន្ថែមទៀត ជាបុរសជនជាតិខ្មែរ និងមានអ្នកជាសះស្បើយ៨នាក់ បន្ថែមទៀតក្នុងនោះ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (០៥នាក់) នៅបាត់ដំបង (០១នាក់) កំពង់ឆ្នាំង (០១នាក់) និងព្រះវិហារ (០១នាក់)។
គិតត្រឹមថ្ងៃទី២៩ ខែមីនានេះ ចំនួនអ្នកឆ្លងវីរុសCovid-19 នៅកម្ពុជា មានសរុបចំនួន១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានសរុបចំនួន២១នាក់ ៕