ព័ត៌មានជាតិ

សមាគមកាយឫទ្ធិនារីកម្ពុជាសាខាភ្នំពេញ នាំយកសម្ភារពីយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” ចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ប្រមាណ៣០០នាក់

រូបភាព៖ សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ

ភ្នំពេញ៖ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសប្បុរសធម៌ ចែករំលែកសម្ភារនៃយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ប្រមាណ៣០០នាក់ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកស្រី ជា ស៊ីណា ឃួង ស្រេង បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងខ្វាយខ្វល់ពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ទីកន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងសំរាប់ពេលនេះ សម្តេចនិងលោកជំទាវបានខ្វាយខ្វល់ចំពោះសុខទុក្ខ លោកអ៊ុំ លោកពូ ដែលជាសមាជិកមូលនិធិត្រីចក្រយាន ដោយបានផ្តល់ជាអំណោយជូន ក្នុងឱកាសបុណ្យភ្ជុំបិណ្យ ដែលទទួលបាន ពីយុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំ របស់សមាគមកាយឫទ្ធិនារីកម្ពុជា ។

លោកស្រី បានបន្តទៀតថា សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រេចបានលទ្ធផលជាច្រើន និងទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន រហូតមានការចូលរួមយ៉ាងគគ្រឹកគគ្រេង។ បើមិនមានការចូលរួមពីបងប្អូនប្រជាណលរដ្ឋ អាជីវករនិងមន្រីរាជការទេ សមាគមកាយឫទ្ធិនារីកម្ពុជា ក៏មិនអាចមានសកម្មភាពផុលផុសដូចពេលនេះដែរ៕

To Top