បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគី លោក Juraj Blanar បាននិយាយកាលពីថ្ងៃពុធថា កិច្ចប្រជុំកំពូលអន្តរជាតិ បន្ទាប់សម្រាប់ការស្វែងរកដំណោះស្រាយការទូត ចំពោះជម្លោះអ៊ុយក្រែន ត្រូវតែរួមបញ្ចូលប្រទេសរុស្ស៊ី។
លោក Blanar បានឲ្យដឹងដែរថា ជម្លោះអ៊ុយក្រែនមិនមាន ដំណោះស្រាយយោធា ហើយត្រូវតែចាត់វិធានការ ដើម្បីបញ្ចប់វាតាមរយៈការចរចា ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ។ លោកបានកត់សម្គាល់ថា ក្រុងគៀវក៏បានបញ្ជាក់អំពីការគាំទ្រគំនិត នៃការអញ្ជើញតំណាង ពីប្រទេសរុស្ស៊ីមកកាន់សន្និសីទបន្ទាប់ផងដែរ ។
លោក Blanar បានបន្តទៀតថា យើងបានយល់ព្រម ហើយលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចរចាសន្តិភាពបន្ទាប់ត្រូវតែមានការចូលរួមពីរុស្ស៊ី សហព័ន្ធចូលរួមនៅទីនោះផងដែរ ។
លោក Blanar ក៏បានបង្ហាញអំពីការគាំទ្រ របស់រដ្ឋាភិបាលទីក្រុង Bratislava សម្រាប់ការស្នើសុំក្លាយជាសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ប៉ុន្តែបានកត់សម្គាល់ថា ស្លូវ៉ាគី ប្រឆាំងទៅនឹងមហិច្ឆតា របស់គៀវ ដើម្បីចូលរួមអង្គការ NATO ។
រំលឹកដែរថា រុស្ស៊ីមិនត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងសន្និសីទសន្តិភាព អ៊ុយក្រែន លើកមុនដែលធ្វើឡើង ក្នុងប្រទេសស្វីសក្នុងខែមិថុនានោះទេ។
ទីបំផុតកិច្ចប្រជុំពិភាក្សា លើកនោះមិនទទួលបាននូវលទ្ធផល ដែលអាចមើលឃើញនោះទេ ដោយប្រទេសជាច្រើន បានបដិសេធមិនចុះហត្ថលេខា លើសេចក្តីប្រកាសរួមមួយ និងបានសោកស្ដាយ ចំពោះអវត្តមានរបស់រុស្ស៊ី ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្កោលទោសព្រឹត្តិការណ៍នេះ ថា ជាការប្រឌិត ក្នុងគោលបំណង ផ្លាស់ប្តូរមូលហេតុ និងឥទ្ធិពល នៃជម្លោះ៕
ប្រែសម្រួល៖ស៊ុនលី