បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ទៅលើទីតាំងទំនាក់ទំនងយោធាសំខាន់ៗ របស់អ៊ុយក្រែន ក៏ដូចជាគោលដៅអាទិភាពខ្ពស់មួយចំនួន ទៀតផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបាននិយាយថា យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក កាំជ្រួច និងកាំភ្លើងធំរបស់រុស្ស៊ីបានវាយប្រហារ ដោយជោគជ័យនូវមជ្ឈមណ្ឌលទំនាក់ទំនងវិទ្យុ ពិសេសនៃនាយកដ្ឋានស៊ើបការណ៍សំខាន់ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បូករួមទាំងហេដ្ឋា រចនាសម្ព័ន្ធអាកាសយានដ្ឋានសំខាន់ៗផងដែរ។
ទោះបីជាយ៉ាងណាក្តីក្រុមមន្ត្រីមិនបានបញ្ជាក់ថា មជ្ឈមណ្ឌលនោះស្ថិតនៅទីណាខ្លះនោះទេ ហើយក៏មិនធ្វើអត្ថាធិប្បាយពីទំហំនៃការខូចខាតនោះដែរ។
តែយ៉ាងណាក្តីប្រព័ន្ធផ្សព្វផ្សាយ និង មន្ត្រីអ៊ុយក្រែនបានរាយការណ៍ពីការផ្ទុះជាច្រើននៅក្នុងតំបន់ Kharkov និងតំបន់ Sumy ជាមួយនឹងការផ្ទុះជាច្រើនផងដែរ នៅក្នុងទីក្រុងគៀវកាលពីយប់ថ្ងៃពុធ។ យោងតាមមន្ត្រីក្នុងតំបន់ ការវាយប្រហារលើតំបន់ Kharkov បានប្រើប្រាស់មីស៊ីលផ្លោង ជាច្រើនគ្រាប់ផងដែរ។
រុស្សីក៏បានអះអាងថា នៅតែបន្តធ្វើការវាយប្រហារដោយ ភាពជាក់លាក់ខ្ពស់លើទីតាំងដំឡើង យោធារបស់អ៊ុយក្រែន រួមទាំងមូលដ្ឋានទាហានស៊ីឈ្នួល កន្លែងការពារ ឧស្សាហកម្ម និងថាមពល ខណៈពេលដែលទទូចថា ការវាយប្រហារទាំងនោះ មិនដែលសំដៅទៅលើជនស៊ីវិលឡើយ៕
ប្រែសម្រួល៖ស៊ុនលី