ព័ត៌មានអន្តរជាតិ

អាមេរិក គំរាមដាក់ទណ្ឌកម្ម បន្ថែមលើវិស័យ ថាមពលប្រេងរបស់រុស្ស៊ី

RT News

បរទេស៖ សេតវិមានអាចនឹងបង្កើន ការដាក់ទណ្ឌកម្ម លើវិស័យថាមពលរបស់រុស្ស៊ី នេះបើតាមមន្ត្រីជាន់ខ្ពស់ អាមេរិកម្នាក់ បានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍។ ចំណែកទីក្រុងមូស្គូវិញ បាននិយាយថា ការគំរាមកំហែង និងសម្ពាធ គឺជាឧបករណ៍តែ មួយគត់ ដែលនៅសេសសល់នៅក្នុងឃ្លាំង អាវុធគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអនុទីប្រឹក្សា សន្តិសុខជាតិ សម្រាប់សេដ្ឋកិច្ចអន្តរជាតិ របស់អាមេរិក លោក Daleep Singh គឺថា ការដាក់ទណ្ឌកម្មលើ ពាណិជ្ជកម្ម ប្រេងរបស់រុស្ស៊ីអាចនឹងត្រូវរឹតបន្តឹង ខណៈដែលការលក់ប្រេងឆៅនៅតែជាប្រភព ចំណូលដ៏សំខាន់សម្រាប់ទីក្រុងម៉ូស្គូ។

លោក Singh បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយ Carnegie Endowment ថា “ខ្ញុំគិតថា ពួកយើងកំពុងខិត ជិតដល់ចំណុច ដែលយើងអាចនិយាយ អំពីរបបដ៏តឹងរ៉ឹង ជាងនេះ” ដោយពន្យល់ថា ការរឹតបន្តឹង ដែលបានធ្វើឱ្យ ប្រសើរឡើង នឹងប៉ះពាល់ដល់ ទាំងកងនាវាដឹកជញ្ជូនប្រេង និងបរិមាណប្រេងឆៅ ដែលប្រទេសរុស្ស៊ី ត្រូវបានអនុញ្ញាត ឱ្យផ្គត់ផ្គង់ដល់ទីផ្សារ ។

ការធ្វើអត្ថាធិប្បាយលើការព្រមាននេះ ត្រូវបានអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានប្រាប់សារព័ត៌មាន RIA Novosti ថា ផែនការរបស់សហរដ្ឋអាមេរិក សម្រាប់ការបង្កើនទណ្ឌកម្ម លើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីគឺជា “ធាតុមួយនៃសម្ពាធនយោបាយ និងផ្លូវចិត្តលើសហគមន៍ធុរកិច្ចរុស្ស៊ី”។ លោក​បាន​អះអាង​ថា «ការ​គំរាមកំហែង និង​សម្ពាធ​គឺ​ជា​ឧបករណ៍​តែ​មួយ​គត់​ ដែល​នៅ​សេសសល់ ​ក្នុង​ឧបករណ៍​ នៃ​គោលនយោបាយ​ ការបរទេស​អាមេរិក»៕
ប្រែសម្រួលៈ ណៃ តុលា

To Top