Feature

ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីត Aramco កំពុងពិចារណាពង្រីកសមត្ថភាពផ្ទុកទូទាំងពិភពលោក បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់

‎បរទេស៖ លោក Yasir Al-Rumayyan ប្រធានក្រុមហ៊ុន Aramco បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីត Aramco កំពុងពិចារណាពង្រីកសមត្ថភាពផ្ទុករបស់ខ្លួននៅជុំវិញពិភពលោក បន្ទាប់ពីការផ្គត់ផ្គង់ថាមពលតាមរយៈច្រកសមុទ្រ Hormuz ត្រូវបានរំខានដោយសង្គ្រាមអ៊ីរ៉ង់។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា លោក Rumayyan ដែលជាអភិបាលនៃមូលនិធិទ្រព្យសម្បត្តិរដ្ឋអារ៉ាប៊ីសាអូឌីត PIF បាននិយាយថា “ក្រុមហ៊ុន Aramco មានកន្លែងផ្ទុកនៅជុំវិញពិភពលោក ជាពិសេសនៅអាស៊ី កូរ៉េ និងជប៉ុន ហើយយើងកំពុងគិតយ៉ាងម៉ត់ចត់អំពីការមានកន្លែងផ្ទុកធំជាងនេះនៅទូទាំងពិភពលោក”។

‎លោក Rumayyan បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល FII PRIORITY Europe ដែលរៀបចំនៅទីក្រុងរ៉ូម និងរៀបចំដោយវិទ្យាស្ថានមិនស្វែងរកប្រាក់ចំណេញរបស់អារ៉ាប៊ីសាអូឌីត Future Investment Initiative ដែលគាំទ្រដោយ PIF។

‎FII រៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ទីក្រុង Riyadh ដែលត្រូវបានគេស្គាល់ថាជា “Davos in the Desert” ដែលប្រមូលផ្តុំមេដឹកនាំពិភពលោក ធនាគារិក និងថៅកែអាជីវកម្ម។

‎លោក Rumayyan បាននិយាយទៀយថា PIF បានវិនិយោគទឹកប្រាក់ចំនួន ៩៨ ពាន់លានអឺរ៉ូ (១១២,៨៦ ពាន់លានដុល្លារ) នៅទូទាំងទ្វីបអឺរ៉ុប និងចក្រភពអង់គ្លេស ចន្លោះឆ្នាំ ២០១៧ និង ២០២៥ ខណៈដែល Aramco បានវិនិយោគទឹកប្រាក់ប្រមាណ ៨០ ពាន់លានអឺរ៉ូជាមួយអ្នកផ្គត់ផ្គង់អឺរ៉ុប៕

‎ប្រែសម្រួល: ណៃ តុលា

To Top