ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងការពារដែនអាកាស របស់ប្រទេសរុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួន ១០១ គ្រឿងកាលពីយប់មិញនេះ ។
ក្រសួងបានកត់សម្គាល់ថាយន្តហោះដ្រូនចំនួន ៥៣គ្រឿងត្រូវបានបំផ្លាញនៅក្នុងតំបន់ Bryansk, ១៨គ្រឿងនៅតំបន់ Krasnodar និងមួយចំនួនផ្សេងទៀតនៅក្នុងតំបន់ Kaluga, Tver និង Belgorod ក៏ដូចជាតំបន់ Smolensk និង Kursk ក៏ដូចជានៅជិតសមុទ្រ Azov ។
អាជ្ញាធរក្នុងតំបន់បានឧ្យដឹងថា នៅក្នុងស្រុក Tikhoretsk នៃតំបន់ Krasnodar មនុស្សប្រហែល ១,២០០នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានអគ្គីភ័យ ដែលបង្កឡើងដោយយន្តហោះដ្រូន ដែលត្រូវបានបាញ់ទម្លាក់ចំនួនពីរគ្រឿង។
ក្រសួងការពារជាតិបានឧ្យដឹងថា ក្នុងពេលជាមួយគ្នានោះ កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ជាក្រុមជាមួយនឹងអាវុធ និងយន្តហោះដ្រូន ដែលមានភាពជាក់លាក់ខ្ពស់ កាលពីយប់មិញទៅលើកន្លែង ថាមពលអ៊ុយក្រែន សិក្ខាសាលាផលិតយន្តហោះដ្រូន និងទីតាំងបុគ្គលិក អាវុធ និងឧបករណ៍យោធា ៕
ប្រែសម្រួល ឈូក បូរ៉ា