អូតាវ៉ា ៖ រដ្ឋាភិបាលសហព័ន្ធកាណាដា បានប្រកាសផ្តល់មូលនិធិថ្មី សម្រាប់ការលុបបំបាត់ជំងឺ ស្វិតដៃជើងនៅទូទាំងពិភពលោក នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។
យោងតាមការចេញផ្សាយព័ត៌មាន ដែលចេញផ្សាយដោយ Global Affairs Canada ទឹកប្រាក់សរុបចំនួន ១៥១លានដុល្លារកាណាដា (១១១លានដុល្លារអាមេរិក) ត្រូវបានផ្តល់ជូន ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមការលុបបំបាត់ ជំងឺស្វិតដៃជើងសកល (GPEI) ដែលនាំមកនូវការ រួមចំណែកជាប្រវត្តិសាស្ត្រ របស់ប្រទេសកាណាដាដល់ជាង ១ពាន់លានដុល្លារកាណាដា (៧៣៧ លានដុល្លារចាប់តាំងពីឆ្នាំ២០០០។
អង្គការ GPEI និងដៃគូនានាដូចជា UNICEF និងអង្គការសុខភាពពិភពលោក នឹងផ្តល់ការគាំទ្រ និងពង្រីកគុណភាព ការចាក់ថ្នាំបង្ការជំងឺស្វិតដៃជើង និងសេវាសុខភាពនៅជុំវិញពិភពលោក រួមទាំងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ ដែលមានលទ្ធភាពទទួលបានសេវាសុខភាពសំខាន់ៗតិចតួច ឬគ្មាន ។
កិច្ចខិតខំប្រឹងប្រែង នឹងផ្តោតលើការបញ្ឈប់ការចម្លង នៃមេរោគប៉ូលីយ៉ូគ្រប់ទម្រង់ ដោយការចាក់វ៉ាក់សាំងកុមារជាង ៣៧០លាននាក់ ជារៀងរាល់ឆ្នាំប្រឆាំងនឹងជំងឺស្វិតដៃជើង ការពារកុមារ ៦០ម៉ឺននាក់ក្នុងមួយឆ្នាំពីការ ទទួលរងពីជំងឺខ្វិន និងការស្លាប់។
ប៉ូលីយ៉ូ គឺជាជំងឺមេរោគឆ្លងខ្លាំង ដែលប៉ះពាល់ដល់កុមារអាយុក្រោម ៥ឆ្នាំ ហើយអាចបណ្តាលឱ្យខ្វិនធ្ងន់ធ្ងរ និងស្លាប់។ ចាប់តាំងពីការចាប់ផ្តើមនៃ GPEI ក្នុងឆ្នាំ១៩៨៨ កុមារជាង ២,៥ពាន់លាននាក់ត្រូវបានចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺស្វិតដៃជើង ។ ទោះបីជាករណីជំងឺស្វិតដៃជើងបានថយចុះ ៩៩ភាគរយនៅទូទាំងពិភពលោកក៏ដោយ ក៏ជំងឺនេះមិនទាន់ត្រូវបានលុបបំបាត់នៅឡើយទេ ៕
ប្រែសម្រួល ឈូក បូរ៉ា