ព័ត៌មានជាតិ

កម្ពុជា-ហុងគ្រី ចុះ MOU ផ្លាស់ប្តូរការអប់រំកម្រិតឧត្តមសិក្សា សម្រាប់ឆ្នាំ២០២៤-២០២៩

រូបភាព៖ ក្រសួងការបរទេសខ្មែរ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៩ រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងក្រសួងវប្បធម៌ និងនវានុវត្តន៍ហុងគ្រី ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសនៃជំនួបទ្វេភាគី នាថ្ងៃទី២៤ កញ្ញា ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក ។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការពិគ្រោះយោបល់ទ្វេភាគីផ្សេងៗ រួមមានគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កិច្ចពិគ្រោះយោបល់ទ្វេភាគី និងកិច្ចពិគ្រោះយោបល់ស្តីពីធម្មនុញ្ញសន្តិភាពរវាងសភាជាតិនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះលោក Péter Szijjártó បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ៕

To Top