ម៉ូស្គូ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះថា ប្រាក់ចំណូលរបស់សហគ្រាសប្រេង និងឧស្ម័នខ្នាតធំ និងមធ្យមរបស់ប្រទេសរុស្ស៊ី បានកើនឡើង៣៤,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅឆមាសទី១ ឆ្នាំ២០២៤នេះ ដែលឈានដល់ទឹកប្រាក់ ចំនួន៣៨,៣ពាន់ពាន់លានរូប្លែ ស្មើនឹងប្រហែល៤១៣ពាន់លាន ដុល្លារ សហរដ្ឋអាមេរិក ។
យោងតាមការសិក្សា ដែលធ្វើឡើងដោយ បណ្តាញ សវនកម្ម និងប្រឹក្សា FinExpertiza បានឲ្យដឹងថា ក្រុមហ៊ុនដែល មិនមែន ជាធនធានក៏បានឃើញមានការកើនឡើងផងដែរ ដោយប្រាក់ចំណូលបានកើនឡើង១៩,៥ភាគរយ ស្មើនឹងទឹកប្រាក់រហូតដល់៩៨,៧ពាន់ពាន់លានរូប្លែ ស្មើនឹងប្រហែល ១ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
ចំណែកវិស័យប្រេង និងឧស្ម័ននៃប្រាក់ចំណូលសាជីវកម្មសរុបនៅក្នុងប្រទេសរុស្ស៊ី បានកើនឡើងដល់ ២៨ភាគរយ ពោលគឺកើនឡើងពី២៦ភាគរយកាលពីឆ្នាំមុន ។ សរុបមក ចំណូលសាជីវកម្មបានកើនឡើង២៣,៣ភាគរយ ។
អ្នកជំនាញ FinExpertiza បានសន្មតថា កំណើនគួរឱ្យកត់សម្គាល់នៃប្រាក់ចំណូលប្រេង និងឧស្ម័នទៅនឹងប្រាក់រូប្លែថយចុះ និងការកើនឡើងតម្លៃប្រេងរបស់ពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា