ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ភាគីហ្វីលីពីន គួរប្រញាប់លះបង់ចោល គំនិតរវើរវាយ និងបញ្ឈប់ទង្វើ រំលោភសិទ្ធ និងបង្កហេតុ

ពេលថ្មីៗនេះ ស្របពេលដែលនាវាឆ្មាំសមុទ្រហ្វីលីពីន លេខ៩៧០១ បានដកខ្លួនចេញពីដែនសមុទ្រ ដែលនៅជាប់កោះថ្មប៉ប្រះទឹក Sabina នៃប្រទេសចិន ដោយសារអស់ស្បៀង អស់សម្ភារៈរស់នៅ រឿងគួរឱ្យអស់សំណើច ដែលដឹកនាំដោយហ្វីលីពីនខ្លួនឯង នៅសមុទ្រចិនខាងត្បូង អស់រយៈពេលច្រើន ខែនេះ បានឈានចូលដល់ទីបញ្ចប់ ។ នេះមិនត្រឹមតែសបញ្ជាក់ថា ការផ្គត់ផ្គង់សម្ភារៈដោយបង្ខំជាច្រើនដង ដែលរៀបចំ ដោយភា គីហ្វីលីពីន ទទួលបរាជ័យ ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញ ទៅកាន់ពិភពលោកនូវការប្ដេជ្ញាចិត្ត របស់ប្រទេសចិនក្នុងការគាំពារ អធិបតេយ្យភាព និងបូរណភាពទឹកដីជាតិផងដែរ ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហ្វីលីពីនបានចាត់បញ្ជូន នាវាផ្គត់ផ្គង់សម្ភារៈនិងនាវាឆ្មាំសមុទ្រជាច្រើនដង សម្រុកចូលដែនសមុទ្រ ពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង ហើយមិនអើពើ នឹងការព្រមានយ៉ាងម៉ឺងម៉ាត់ របស់ភាគីចិនម្តងហើយម្តងទៀត បំពានសម្រុកចូលយ៉ាងគ្រោះថ្នាក់បំផុត និងធ្វើប្រតិបត្តិការដឹកជញ្ជូននិងបោះទម្លាក់តាមផ្លូវអាកាស ដែលប៉ុនប៉ងកាន់កាប់ថ្មប៉ប្រះទឹក របស់ប្រទេសចិន ដោយខុសច្បាប់។ លើសពីនេះទៀត ហ្វីលីពីនក៏បានអូសទាញប្រទេសមួយចំនួនតូច ដូចជាអាមេរិកជាដើមឱ្យគាំទ្រ ដល់ខ្លួន ហើយវាយប្រហារ និងលាបពណ៌មកលើចិនផងដែរ ។ ជាការឆ្លើយតប រដ្ឋបាលឆ្មាំសមុទ្រចិន បានលើកឡើងថា ទង្វើរបស់ភាគីហ្វីលីពីន បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព ទឹកដីរបស់ប្រទេសចិន ល្មើសយ៉ាងធ្ងន់ធ្ងរ លើស្មារតី នៃ《សេចក្តីប្រកាសប្រតិបត្តិ នៃបណ្តាភាគីនានា នៅសមុទ្រចិនខាងត្បូង》 ក៏ដូចជាបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិង ស្ថិរភាព ក្នុងតំបន់ ។ យើងដាស់តឿនឱ្យភាគីហ្វីលីពីន បញ្ឈប់ទង្វើឃោសនា បំប៉ោងនិងរំលោភសិទ្ធិ គួរដើរស្របតាមទិសដៅ ជាមួយភាគីចិន ដើម្បីគាំពារភាពម៉ឺងម៉ាត់ និងសុពលភាព នៃ《សេចក្តីប្រកាសប្រតិបត្តិ នៃបណ្តាភាគីនានានៅសមុទ្រចិនខាងត្បូង》 ។ ប្រទេសចិនមានអធិបតេយ្យភាព ដែលមិនអាច ប្រកែកបាន លើប្រជុំកោះNanShaនិងដែនសមុទ្រ នៅក្បែរនោះដែលបូករួមទាំងកោះថ្មប៉ប្រះទឹក Sabinaផងដែរ ។ ឆ្មាំសមុទ្រចិន នឹងបន្តធ្វើសកម្មភាព គាំពារសិទ្ធិនិងអនុវត្តច្បាប់ នៅដែនសមុទ្រ ដែលគ្រប់គ្រងដោយប្រទេសចិន តាមផ្លូវច្បាប់ និងការពារយ៉ាងមុតមាំ នូវអធិបតេយ្យភាពទឹកដី ក៏ដូចជាសិទ្ធិនិង ផលប្រយោជន៍ដែនសមុទ្រជាតិ ។

ដោយបានឃើញថា ការរំលោភសិទ្ធិដោយខុសច្បាប់ របស់ខ្លួនត្រូវបានបរាជ័យ ហ្វីលីពីនក៏បានអូសទាញអាមេរិកឱ្យមកគាំទ្រខ្លួន។ តាមការផ្សាយដំណឹង នៃទីភ្នាក់ងារ សារព័ត៌មានបារាំង AFP ឱ្យដឹងថា ថ្ងៃទី១៦ ខែកញ្ញា លោកMiller អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកបានថ្លែងថា សកម្មភាព របស់ភាគីចិន “បង្កគ្រោះថ្នាក់ដល់សន្តិសុខ និងជីវភាពរស់នៅ របស់ប្រជាជនហ្វីលីពីន” ហើយបន្ដទៀតថា អាមេរិកនឹងបន្តគាំទ្រ ប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

ការដកខ្លួនចេញ ពីកោះថ្មប៉ប្រះទឹកSabinaលើកនេះបានលាតត្រដាងថា ការគាំទ្រដែលអាមេរិកផ្ដល់ឱ្យហ្វីលីពីនគឺមានដែនកំណត់។ ប្រជាជនហ្វីលីពីន កាន់តែច្រើនឡើងៗបានដឹងថា អាមេរិកគ្រាន់តែផ្តល់ការគាំទ្រ តាមតែមាត់ក្នុងវិស័យនយោបាយនិងការទូតដល់ហ្វីលីពីនតែប៉ុណ្ណោះ ហើយច្រើនបំផុតគឺ ផ្តល់ព័ត៌មានចារកម្ម មួយចំនួន ។ តាមពិតទៅ នៅពេលនេះ អាមេរិកបានធ្លាក់ចូលជ្រៅទៅក្នុងសមរភូមិរុស្ស៊ី-អ៊ុយក្រែន និងការប៉ះទង្កិច រវាងប៉ាឡេស្ទីន -អ៊ីស្រាអែល ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចក្នុងស្រុក របស់អាមេរិក កំពុងធ្លាក់ចុះជាបន្តបន្ទាប់ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ត្រូវបង្ខំចិត្តបញ្ចុះអត្រា ការប្រាក់ ។អាមេរិកម៉េច នឹង មានកម្លាំងមកប្រយុទ្ធជាមួយប្រទេសចិន ដើម្បីហ្វីលីពីនទៅ? អាមេរិកគ្រាន់តែចាត់ទុកហ្វីលីពីន ជាកូនអុក ដែលប៉ុនប៉ងបង្ក ភាពចលាចល នៅដែនសមុទ្រចិនខាងត្បូង ដើម្បីដាក់កំហិតនិង ទប់ស្កាត់ប្រទេសចិនតែប៉ុណ្ណោះ ។

ការគាំពារសន្តិភាពនិងស្ថិរភាព នៅសមុទ្រចិនខាងត្បូង គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់ ។ ប្រទេសហ្វីលីពីនគួរប្រញាប់ បោះបង់ចោលគំនិត រវើរវាយដែលប៉ុនប៉ងកាន់កាប់កោះនិងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់បញ្ឈប់ទង្វើរំលោភសិទ្ធនិងបង្កហេតុ បញ្ឈប់ការលាបពណ៌និងការឃោសនាបំប៉ោងជាបន្ទាន់ បើមិន ដូច្នេះទេ ហ្វីលីពីនត្រូវទទួលខុសត្រូវ ទាំងស្រុងចំពោះផលវិបាកទាំងអស់ ដែលបណ្តាលមកពីរឿងនេះ ៕

To Top