ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ក្រសួង ចុះសួរសុខទុក្ខ និងនាំអំណោយ ជូនកងទ័ពឈរជើង តាមព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី នៃតំបន់ប្រតិបត្តិការ សឹករងឧត្តរមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ នៅថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្ដរមានជ័យ ចុះសួរសុខទុក្ខវីរយុទ្ធជន កងទ័ពការពារព្រំដែន នៃអង្គភាពវរសេនាតូចលេខ០១ និងលេខ០២ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី នៃតំបន់ប្រតិបត្តិការសឹករង ឧត្តរមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងបានសម្តែង នូវការកោតសរសើរដ៏ស្មោះស័្មគ្រ ចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយគំរូវីរភាពរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពវរសេនាតូចលេខ០១ និង លេខ០២ ទិសប្រាសាទតាក្របី នៃតំបន់ប្រតិបត្តិការសឹករង ឧត្តរមានជ័យទាំងអស់ ដែលបានសហការគ្នាយ៉ាងជិត សិ្នទ្ធ ចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្តជូនជាតិ និងបានយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជា ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ននានា គឺដើម្បីជំរុញការអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗ ក្នុងវិស័យធនធានទឹក និងឧតុនិយម ព្រមទាំងសមិទ្ធផលជាច្រើនទៀត របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា អំណោយជាសម្ភារៈបរិក្ខារ តាមការស្នើសុំ របស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ព្រមទាំងគ្រឿងឧបភោគ បរិភោគ ដែលប្រគល់ជូនមានដូចជា ៖ ស៊ីម៉ង់ត៍ចំនួន ១០តោន ដែក (១០លី) ចំនួន ១០០ដើម ថ្ម (១ x ២) ចំនួន ១០ម៉ែត្រគូប ខ្សាច់ចំនួន ១០ម៉ែត្រគូប ស៊ីទែនទឹកចំណុះ ៥០០០ លីត្រចំនួន ១២ស៊ីទែន ម៉ាស៊ីនភ្លើង ២គ្រឿង អង្ករចំនួន ១២តោន មីចំនួន ១០០យួរស្មើនឹង ៣០០ កេសតូច ត្រីខ ចំនួន ៥០កេសស្មើនឹង ៥០០០កំប៉ុង ទឹកត្រីចំនួន ១០០យួរ ទឹកស៊ីអ៊ីវចំនួន ១០០យួរ ព្រមទាំងថវិកាសម្រាប់កងកម្លាំងចំនួន ២៧០នាក់ ក្នុងម្នាក់ៗទទួលបាន ១០០០០០រៀល ៕

To Top