កំពង់ចាម ៖ ប្រជាពលរដ្ឋ នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ នេះ បានសំដែងនូវការសប្បាយរីករាយ ដោយពួកគាត់ បានធ្វើដំណើរឆ្លងកាត់លើស្ពានថ្មី ដែលបានសាងសង់រួចរាល់ស្ទើរតែ ១០០ភាគរយ។
ស្ថិតនៅក្នុងពេល អាជ្ញាធរខេត្តកំពង់ចាម រួមនិងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ ការសាងសង់ស្ពានកៀនជ្រៃ នៅចំពោះមុខអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ប្រជាពលរដ្ឋបានសម្ដែងនូវការសាទរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរខេត្តកំពង់ចាម ដែលបានខិតខំ យកចិត្តទុកដាក់ រៀបចំសាង សង់ស្ពានកៀនជ្រៃឡើងវិញ បានរួចរាល់យ៉ាងឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ។
សូមរំលឹកផងដែរថា នៅអំឡុងខែតុលា ឆ្នាំ២០១៩ ដោយសារ មានទឹកហូរច្រោះគ្រឹះសសរស្ពាន និងបាក់ស្រុតច្រាំង តាមបណ្ដោយព្រែក ស្ថិតក្នុងភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម នេះ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឲ្យអាជ្ញាធរ បិទផ្អាកធ្វើចរាចរណ៍ ឆ្លងកាត់ស្ពានជាបណ្ដោះអាសន្នសិន ជៀសវាងការគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋដោយយថាហេតុ ខណ: ស្ពានគៀនជ្រៃ ដែលមានប្រវែង ៩០ម៉ែត្រ ឃើញថាកំពុង តែប្រឈមនឹងការបាក់ស្រុតផងដែរ។
ប៉ុន្តែយ៉ាងណាក៏ដោយ ស្ពានគៀនជ្រៃដែលមានប្រវែង បណ្ដោយ ៩០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ សាងសង់ពីថ្មបេតុង មកដល់បច្ចុប្បន្ននេះ ត្រូវបានសាងសង់រួចរាល់ស្ទើរតែ ១០០ ភាគរយហើយ។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានអនុញ្ញាត ឲ្យប្រជាពលរដ្ឋ បានធ្វើចរាចរឆ្លងកាត់បណ្តើរៗ ថ្វីត្បិតតែ ស្ពាននេះ មិនទាន់បានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ៕