ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចង់ឱ្យនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ធ្វើជាអ្នកសម្របសម្រួល កិច្ចព្រមព្រៀង សន្តិភាពជាមួយរុស្ស៊ី

RT News

បរទេស៖ អ៊ុយក្រែន មើលឃើញថា ប្រទេសឥណ្ឌា និងនាយករដ្ឋមន្ត្រី របស់ខ្លួន គឺលោក Narendra Modi ជាជម្រើសដ៏ល្អបំផុត ដើម្បីធ្វើអន្តរាគម លើកិច្ចព្រមព្រៀងសន្តិភាព ជាមួយទីក្រុងមូស្គូ ដែលក្រុងគៀវអាចរស់នៅ ជាមួយបាន។ នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានប្រាប់សារព័ត៌មាន Politico ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់តាំងពីលោក Modi បានធ្វើទស្សនកិច្ចទាំងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីពិភាក្សាអំពីជម្លោះ ជាមួយមេដឹកនាំប្រទេសទាំងពីរ, ទីក្រុងគៀវបានមក “មើលឃើញកាន់តែខ្លាំងឡើង” លើទីក្រុងញូវដែលីជាអន្តរការីរបស់ខ្លួនក្នុង “ការដោះស្រាយជាមួយវិមានក្រឹមឡាំង”។ នេះបើតាមសារព័ត៌មានបានចេញ ផ្សាយដោយដកស្រង់ សម្តីមន្ត្រីអ៊ុយក្រែន ដែលមិនបញ្ចេញឈ្មោះ។

របាយការណ៍នេះកើតឡើងមួយថ្ងៃ បន្ទាប់ពី លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន និង លោក Modi នាយករដ្ឋមន្រ្តីឥណ្ឌា បានជួបប្រជុំគ្នា ក្នុងអំឡុងកិច្ចប្រជុំ ‘Summit of the Future’ របស់អង្គការ សហប្រជាជាតិ ដែលបានធ្វើឡើងជាផ្នែកមួយ នៃសម័យប្រជុំមហាសន្និបាត ប្រចាំឆ្នាំនៅទីក្រុងញូវយ៉ក។

មេដឹកនាំទាំងពីរ បានជួបប្រជុំគ្នាជាច្រើនដងក្នុងប៉ុន្មានខែថ្មីៗនេះ – ក្នុងខែមិថុនានៅឯកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេស អ៊ីតាលី និងនៅទីក្រុងគៀវ កាលពីខែមុន ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក Modi បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

កិច្ចប្រជុំកំពូលឥណ្ឌា-រុស្ស៊ី កាលពីខែកក្កដា ត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធ ដោយលោកខាងលិច ហើយត្រូវបានរិះគន់ ដោយបើកចំហដោយលោក Zelensky ដែលនៅពេលនោះ លោកបានលើកឡើងថា ការធ្វើដំណើររបស់លោក Modi ទៅកាន់ទីក្រុងមូស្គូគឺជា “ការប៉ះទង្គិចដល់កិច្ចខិត ខំប្រឹងប្រែងសន្តិភាព” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top