ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការរៀបចំ Gumball 3000 ជាគំនិតរបស់វិស័យឯកជន ចង់បង្ហាញពិភពលោក ពីសុខសន្តិភាព ស្ថិរភាព និងភាពស្រស់ស្អាតរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ជូន ទៅកាន់អ្នកធ្វេីមាតិកានៅសហរដ្ឋអាមេរិក ជុំវិញព្រឹត្តិការណ៍ Gumball 3000 ថា គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាស ធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព និងភាពស្រស់ស្អាត របស់ប្រទេសកម្ពុជា ។

យោងតាមបណ្តាញសង្គម នាព្រឹកថ្ងៃទី២៧ កញ្ញា នេះ សម្តេចធិបតី បានឆ្លេីយតបទៅ The Kanitha Show ថា “ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភ ដែលកម្មវិធីនេះ អាចប៉ះពាល់ដល់តម្លៃវប្បធម៌ របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍ របស់ប្រជាពលរដ្ឋក្រីក្រ”។

ក្នុងនោះសម្តេចបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួល ក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើម គំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌ ដែលដូនតារបស់យើង បានកសាង ។ ក្រៅពីនោះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌ តាមរយៈការកៀរគរថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋ យើងក្នុងការថែទាំ និងព្យាបាលសុខភាព” ។

ក្នុងនោះដែរ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានផ្ដល់ការគាំទ្រ ចំពោះការរៀបចំកម្មវិធីនេះ ដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត”។

សម្តេចធិបតី ក៏បានបង្ហាញ ការសោកស្តាយ ចំពោះការបញ្ចេញ ទស្សនៈខុសគ្នា ទៅលេីកម្មវិធីនេះ នឹងបានក្លាយទៅជាប្រធានបទ ដែលនាំឱ្យខ្មែរយើង ជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំង លើសពីការចាំបាច់ផងដែរ។

សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ខ្ញុំគិតថា ល្មមដល់ពេលបញ្ចប់ការជជែកតតាំងគ្នា ពាក់ព័ន្ធ នឹងប្រធានបទនេះហើយ ហើយយើងនាំគ្នា អបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងសម័យសន្តិភាព”៕

To Top