ព័ត៌មានជាតិ

កន្លែងស្នាក់នៅ និងកន្លែងលក់ ម្ហូបអាហារ ក្នុងខេត្តកំពត មានការតម្លើងថ្លៃ សូមថតទីតាំង និងតម្លៃផ្ញើចូល ផេករដ្ឋបាលខេត្ត

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារ ក្នុងខេត្តកំពត មានការតម្លើងថ្លៃ សូមថតឈ្មោះទីតាំង និងតម្លៃនោះ ចូលមកផេករដ្ឋបាលខេត្ត និងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។

យោងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋបាលខេត្ត ដោយមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ បានប្រមូល បញ្ជីរាយមុខម្ហូប សេវាកម្មទេសចរណ៍ គ្រប់ប្រភេទ ទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យ ក្នុងករណីមានភាព មិនប្រក្រតី ទៅលើតម្លៃ នៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។

រដ្ឋបាលខេត្ត គូសបញ្ជាក់ថា «សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរណ៍ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពត ឱ្យបានជ្រាបថា ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារ ក្នុងខេត្តកំពត មានការតម្លើងថ្លៃ ដែលបងប្អូនយល់ថា មិនសមស្រប សូមថតឈ្មោះទីតាំង និងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្ត និងធ្វើការត្រួតពិនិត្យជូនភ្លាមៗ»។

រដ្ឋបាលខេត្ត បន្ដថា ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើម ឱ្យបានគ្រប់ៗគ្នា ៕

To Top