ព័ត៌មានជាតិ

កម្ពុជា ពេញចិត្តក្នុងការចូលរួម ស្វែងរកដំណោះស្រាយសន្តិភាព ដល់ប្រទេសកូរ៉េទាំងពីរ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាចង់ឃើញ និងចង់ឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ ខណៈកម្ពុជាពេញចិត្តក្នុងការចូលរួម ស្វែងរកដំណោះស្រាយសន្តិភាព ដល់កូរ៉េទាំងពីរ។

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក ចាង យ៉ុងហ្គុន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសមនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងជើង (១៩៦៤-២០២៤)។

នាឱកាសនោះ ទូតកូរ៉េខាងជើង បានលើកឡើងថា ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺ លោក គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ។

លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងមានគណៈរដ្ឋមន្រ្តីជាយុវជន បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន។

លោកទូត បានជម្រាបជូនសម្តេចថា អស់រយៈពេល ១ឆ្នាំកន្លងមកនេះ តាមការតាមដានយ៉ាងយកចិត្តទុកដាក់ លោកវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្ត ដាក់ចេញនូវវិធានការ យុទ្ធសាស្រ្ត គម្រោងអភិវឌ្ឍន៍ និងគោលនយោបាយជាច្រើនដែលទទួលបានលទ្ធផលជាផ្លែផ្កា និងជាពិសេសគឺធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានថ្លែងថា កន្លងមកតែងមានទស្សនៈយល់ឃើញថា រាជរដ្ឋាភិបាលជាយុវជននេះ នឹងត្រូវការពេលវេលាដើម្បីអាចដឹកនាំបាន ប៉ុន្តែ ការពិត ពួកគេត្រូវការពេលមកដល់ ដើម្បីចេញដំណើរក្នុងការដឹកនាំប្រទេស។ ការដឹកនាំប្រទេស អស់រយៈពេល១ឆ្នាំកន្លងមក នៃរាជរដ្ឋាភិបាលថ្មីនេះ ពិតជាទទួលបានលទ្ធផលលើសការរំពឹងទុក ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចមិនថមថយ និងកំណើននៃការនាំចេញបានកើនឡើងដល់២០%។

សម្តេចតេជោ បន្តទៀតថា អស់រយៈពេល ២០ឆ្នាំមកនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចល្អ។ ទោះបីជាបានជួបវិបត្តិកូវីដ១៩ក្តី ប៉ុន្តែកម្ពុជាបានប្រែក្លាយពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើការនាំចូល ទៅជាប្រទេសមានការនាំចេញ និងមានកំណើននៃការនាំចេញថែមទៀតផង។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ ស្នើសុំឱ្យលោកទូត យោគយល់ចំពោះការដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយព្រះរាជាណាចក្រកម្ពុជា ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាត្រូវតែបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សម្ដេចថា ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យប៉ុណ្ណោះនោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។

ចំពោះទំនាក់ទំនងកូរ៉េខាងជើងជាមួយអាស៊ាន សម្តេចតេជោ បានមានប្រសាសន៍ថា កូរ៉េខាងជើង គប្បីប្រើវេទិកាអាស៊ាន ដើម្បីរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងអាស៊ាន និងការផ្សាភ្ជាប់កូរ៉េខាងជើងជាមួយតំបន់អាស៊ាន។ សម្តេចតេជោ បន្តថាកម្ពុជា យល់អំពីភាពចាំបាច់នៃការការពារខ្លួនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក៏ប៉ុន្តែ សូមកុំដាក់វិធានការដែលដើរហួសពីភាពចាំបាច់ ដែលនាំឱ្យមានការព្រួយបារម្ភ ដល់ប្រទេសក្នុងតំបន់ និងអាស៊ាន ៕

To Top