តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអូទ្រីស ជុំវិញការកោះហៅបេសកជនអ៊ីរ៉ង់ របស់ប្រទេសរបស់ពួកគេ ដើម្បីប្រឆាំងនឹងការវាយប្រហារ ដោយមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន IRNA ។
ក្នុងអំឡុងកិច្ចពិភាក្សាជាមួយបេសកជន លោក Majid Nili Ahmadabadi នាយកនៃបណ្តាប្រទេសអឺរ៉ុបខាងលិច នៃក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់បានប្តេជ្ញាចិត្តទាំងស្រុង ដើម្បីការពារសន្តិសុខរបស់ខ្លួន ហើយថា សកម្មភាពយោធារបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ត្រូវបានធ្វើឡើងស្របតាមគោលការណ៍ ការពារស្របច្បាប់ក្រោមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ដោយថ្កោលទោសជំហរ របស់បណ្តាប្រទេសអឺរ៉ុបមួយចំនួន ក្នុងការគាំទ្រអ៊ីស្រាអែល លោកបានឲ្យដឹងថា “យើងនឹងមិនបានឃើញ គ្រោះមហន្តរាយបែបនេះទេ (នៅអាស៊ីខាងលិច) ប្រសិនបើភាគីអឺរ៉ុប បានបញ្ឈប់ម៉ាស៊ីនសម្លាប់រង្គាល និងការប្រល័យពូជសាសន៍របស់អ៊ីស្រាអែល តាមរយៈសកម្មភាពប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង រួមទាំងការបញ្ឈប់ ជំនួយហិរញ្ញវត្ថុ និងអាវុធរបស់ពួកគេក្នុងលក្ខណៈទាន់ពេលវេលា”។
នៅក្នុងនោះដែរ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអូទ្រីស បានផ្តល់ការធានាក្នុងការ បញ្ជូនការតវ៉ារបស់អ៊ីរ៉ង់ ទៅកាន់រដ្ឋាភិបាលរៀងៗខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
