រ៉ាម៉ាឡា ៖ ក្រសួងការបរទេសប៉ាឡេស្ទីន បានថ្កោលទោសការសម្រេចចិត្ត របស់អ៊ីស្រាអែល ក្នុងការប្រកាស អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres ថាជាបុគ្គលមិនរាក់ទាក់ និងហាមឃាត់លោក មិនឱ្យចូលអ៊ីស្រាអែល។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកដែលមិនចង់បាន គឺជាអ្នករំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋជនសង្គ្រាម មិនមែនជាប្រធានស្ថាប័នអន្តរជាតិដ៏សំខាន់បំផុត ដែលទាក់ទងនឹងសិទ្ធិមនុស្ស និងសន្តិភាព និងសន្តិសុខអន្តរជាតិនោះទេ” ។
សេចក្តីថ្លែងការណ៍ បានចាត់ទុកការអនុវត្តទាំងនេះថាជា “អំពើភេរវកម្មរដ្ឋ ដែលបានអនុវត្តដោយអ៊ីស្រាអែល ប្រឆាំងនឹងអង្គការអន្តរជាតិ ដូចជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងអ្នកដែលធ្វើការ នៅក្នុងស្ថាប័នច្បាប់ អន្តរជាតិទាំងអស់” ។
សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យប្រទេសទាំងអស់ និងស្ថាប័នអន្តរជាតិបដិសេធការសម្រេចចិត្តរបស់អ៊ីស្រាអែល ហើយចាត់ទុកវាថាជា “រដ្ឋមួយនៅខាងក្រៅច្បាប់អន្តរជាតិ ហើយដាក់ទណ្ឌកម្មលើប្រទេសនេះ សម្រាប់គោលដៅបុគ្គល និងស្ថាប័ននៃច្បាប់អន្តរជាតិ”។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បានប្រកាសថាលោក Guterres ជាបុគ្គលមិនរាក់ទាក់ នៅអ៊ីស្រាអែលកាលពីថ្ងៃពុធ និងបានហាមឃាត់លោក មិនឱ្យចូលប្រទេសរបស់ខ្លួនឡើយ ៕
ប្រែសម្រួល ឈូក បូរ៉ា