ភ្នំពេញ ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាលម្អិត អំពីការងារជួយសម្រួលដល់ប្អូនៗ សិស្សានុសិស្សដែលត្រូវឡើងពីតាមបណ្ដាស្រុក មកប្រឡងបាក់ឌុបនៅទីរួមខេត្ត ក្នុងនោះ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ នឹងរៀបចំកន្លែងស្នាក់នៅ កន្លែងផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងរបស់ខេត្ត។
តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤នេះ លោក មាន ចាន់យ៉ាដា បានប្រកាសថា «សិស្សានុសិស្ស ប្រឡងបាក់ឌុប អាចស្នាក់នៅ ដោយសេរីនៅទីស្នាក់ការសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ»។
ឆ្លៀតឱកាសនេះ លោកអភិបាលខេត្ត ក៏បានជូនពរប្អូនៗ ដែលត្រូវប្រឡងនាថ្ងៃទី៨-៩ តុលាខាងមុខនេះ សូមថែរក្សាសុខភាព និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ខ្លួន៕