បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលមិនទាន់សម្រេចចិត្តថាតើ ខ្លួននឹងឆ្លើយតបយ៉ាងណាចំពោះការ វាយប្រហារដោយមីស៊ីលរបស់ អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលនោះទេ ដោយលោកបានបន្ថែមថា អ៊ីស្រាអែលគួរតែពិចារណា មិនវាយប្រហារតំបន់ប្រេងរបស់អ៊ីរ៉ង់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទ សារព័ត៌មាននៅសេតវិមានថា “អ៊ីស្រាអែលមិនទាន់បានសន្និដ្ឋានថា ពួកគេនឹងធ្វើអ្វីទាក់ទងនឹងការ វាយប្រហារដោយមីស៊ីលនេះនោះទេ។ នោះកំពុងស្ថិតក្រោមការពិភាក្សា” ។
លោក Joe Biden បាននិយាយថា “ខ្ញុំចង់ប្រាប់ពួកគេថា ខ្ញុំនឹងគិតអំពីជម្រើសផ្សេងទៀត ជាងការធ្វើការវាយប្រហារពី ដែនអាកាសទៅលើតំបន់ប្រេង”។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃអង្គារ អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងប្រមាណ ២០០ គ្រាប់ ទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងការកើនឡើងដ៏ធំនៃជម្លោះ រយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធក្នុងតំបន់របស់អ៊ីរ៉ង់។ យោធាអ៊ីស្រាអែលបានស្ទាក់ចាប់ មីស៊ីលភាគច្រើនដោយមានជំនួយ ពីកងទ័ពជើងទឹកអាមេរិកជាសម្ព័ន្ធមិត្ត។
ប្រធានាធិបតីអាមេរិកបាននិយាយ ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបង្ហាញខ្លួនដ៏កម្រ នៅក្នុងការអធិស្ឋានថ្ងៃសុក្រដោយប្រាប់ហ្វូងមនុស្សយ៉ាងច្រើន នៅឯវិហារអ៊ីស្លាម Grand Mosalla ក្នុងទីក្រុង Tehran ថា របបរបស់លោក នឹងមិនគាំទ្រអ៊ីស្រាអែលនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា