កាប៊ុល ៖ ក្រសួងទទួលបន្ទុកកិច្ចការ ជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍ របស់ប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកទោសអាហ្វហ្គានីស្ថានសរុបចំនួន ១៥នាក់ ដែលជាប់ឃុំឃាំង នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានដោះលែង និងបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញហើយ ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងខាងលើ បានឲ្យដឹងថា អ្នកជាប់ឃុំទាំងនេះ ត្រូវបានគេដាក់ ពន្ធនាគារនៅក្នុង ប្រទេសប៉ាគីស្ថាន រយៈពេល១៥ថ្ងៃទៅ ២ខែ ។ បន្ទាប់ពីត្រូវបានដោះលែង ពួកគេបានវិលត្រឡប់ទៅ កាន់ប្រទេសអាហ្វហ្គានីស្ថានវិញ តាមច្រកព្រំដែន Torkham ។
យ៉ាងហោចណាស់មានអ្នកជាប់ឃុំអាហ្វហ្គានីស្ថានចំនួន៤៤នាក់ត្រូវបានដោះលែងពីពន្ធនាគារខេត្ត Sindh របស់ប្រទេសប៉ាគីស្ថាន ហើយបានវិលត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញកាលពីខែមុន ។
ទិន្នន័យពីរដ្ឋបាលពន្ធនាគាររបស់ប្រទេសនេះបានបង្ហាញឲ្យដឹងនៅក្នុងខែកញ្ញាថា នាពេលបច្ចុប្បន្ននេះ ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន៨.០០០ដល់៩.០០០នាក់ កំពុងនៅជាប់ពន្ធនាគារនៅក្រៅប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា