ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំត្រួតពិនិត្យ ដេប៉ូ អាជីវកម្ម ខ្សាច់ ថ្ម អាចម៌ដី និងរថយន្តដឹកអាចម៌ដីគ្រប់ប្រភេទ ដើម្បីរក្សាសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរលើផ្លូវថ្នល់។
តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី៤ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថាបច្ចុប្បន្ន ឃើញមានការទុកដាក់ខ្សាច់ ថ្ម និងការដឹក ជញ្ជូននៅមានភាពមិនប្រក្រតីជាច្រើន ខុសពីការណែនាំកន្លងមក ដូចនេះ ស្នើឱ្យលោក លោកស្រី ម្ចាស់ដេប៉ូ ខ្សាច់ ថ្ម ម្ចាស់អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ រថយន្តដឹកថ្ម និងម្ចាស់រថយន្តដឹក អាចម៌ដីគ្រប់ប្រភេទ ពង្រឹង និងអនុវត្តលើការទុកដាក់ និងការដឹកជញ្ជូនឡើងវិញ ដើម្បីរក្សាសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរលើផ្លូវថ្នល់។
រដ្ឋបាលខេត្តកណ្តាល សូមធ្វើការណែនាំ លោក លោកស្រីទាំងអស់ រួមសហការ និងអនុវត្តដូចតទៅ៖
១/ កម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ត្រូវត្រួតពិនិត្យ រថយន្តដែលមានដឹកខ្សាច់ ថ្ម និងអាចម៌ដី អនុវត្តឱ្យបានត្រឹមត្រូវតាមការកំណត់។
២/ ម្ចាស់ដេប៉ូ ឬម្ចាស់អាជីវកម្ម ត្រូវរៀបចំកន្លែងសម្រាប់លាងកង់រថយន្តពេលចេញពី ទីតាំងដឹក និងពិនិត្យមើល រថយន្តរបស់ខ្លួន ដោយមិនមានការដឹកលើសទម្ងន់ និងមានការគ្របតង់ឱ្យបានត្រឹមត្រូវ និង លាងសំអាតកង់រថយន្តទាំងអស់ ឱ្យបានស្អាតមុនពេលចេញពីទីតាំងស្តុកខ្សាច់ ថ្ម និងអាចម៌ដី។
អាស្រ័យហេតុនេះ សូម ម្ចាស់ដេប៉ូ ខ្សាច់ ថ្ម ម្ចាស់អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ រថយន្តដឹកថ្ម និងម្ចាស់រថយន្តដឹកអាចម៌ដី គ្រប់ប្រភេទជ្រាប និងចូលរួមសហការ មានប្រសិទ្ធិភាពខ្ពស់បំផុត៕