ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ រយៈពេល២ថ្ងៃ

ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្ដាលជូនដំណឹង ស្តីពីការរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។

តាមរយៈសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ក្នុងគោលបំណង ចូលរួមថែរក្សា ទំនៀមទម្លាប់ប្រពៃណី ដ៏ល្អផូរផង់របស់ជាតិ និង ដើម្បី បង្កបរិយាកាសរីករាយ ជូនសាធារណជន និង បងប្អូនប្រជាពលរដ្ឋ បានកម្សាន្តសប្បាយ រីករាយ ព្រមទាំងដើម្បី ចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចេញព្រះវស្សា ព្រះរាជពិធីគ្រងព្រះបរមរាជ សម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បី ត្រៀមលក្ខណៈ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ រដ្ឋបាលខេត្ត កណ្តាល នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០២ថ្ងៃ ចាប់ពី ថ្ងៃព្រហស្បតិ៍១៥កើត-ថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងពិធីប្រណាំងទូកនេះផងដែរ រដ្ឋបាលខេត្តកណ្តាល ក៏នឹងរៀបចំឲ្យមានការប្រគំតន្ត្រី ការសម្តែង សិល្បៈ ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ៕

To Top