ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីប្រើកាំភ្លើង បាញ់គំរាមប្អូនថ្លៃ

កំពង់ស្ពឺ ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ត្រូវជាបងថ្លៃ ខណ:ដែរយកកាំភ្លើងបាញ់គំរាមប្អូនថ្លៃ ចូលកាប់ចេកអត់សុំ។
ហេតុការណ៍បាញ់ បោះយ៉ាងអនាធិបតេយ្យ កើតឡើងនៅចំណុចភូមិអូរតោង ឃុំត្រពាំងជោស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០២៤ ។

លោក វរ:សេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថាក្រោយពី បានទទួលបណ្តឹង ពី ឈ្មោះ សុត វង់ ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ អូតោង ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ បានប្តឹងរៀបរាប់ថានៅ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៨ និង ០៣ នាទី ព្រឹក នៅចំណុច ក្នុងចំការចេក ក្រុមហ៊ុន ឈុន ទ្រី ស្ថិតនៅ ភូមិ ក្រាំងធ្នង់ ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់។

ឈ្មោះ ណន ខ្នាន់ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិ ត្រពាំងអង្គ្រង ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ បានធ្វើសកម្មភាព យកកាំភ្លើង ០១ ដើមមិនស្គាល់ម៉ាក (កាំភ្លើងចាស់)  មកភ្ជុង បាញ់ទៅលើដី  គំរាម មកលើខ្លួនចំនួន ០១ គ្រាប់ ។
នៅពេលនោះដែរ អ្នកធ្វើការ ជាមួយគ្នា មកជួយឃាត់ ទើបឈ្មោះ ណន ខ្នាន់ ច្រកកាំភ្លើងចូល ក្នុង ការ៉ុង ហើយកាន់ដើរចេញ ទៅបាត់ ។

លោកបានបន្តទៀតថា ក្រោយទទួលបានពត៌មាន និង បណ្តឹងពីជនរងគ្រោះ  រួចមកដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញ របស់ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និង កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលត្រពាំងជោ  បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិង ដកហូត វត្ថុតាងរួមមាន៖ អាវុធ ម៉ាក CK  ០១ ដើម (ចាស់) បង់ដែក ចំនួន ០១ គ្រាប់ចំនួន ១៥ គ្រាប់​​ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ណន ខ្នាន់ យកមកអធិការដ្ឋាន នគរបាលស្រុកឱរ៉ាល់ ជាបណ្ដោះអាសន្ន ដើម្បីបន្តនិតិវិធី​។

មូលហេតុដែលបណ្តាល ឲ្យកើតឡើងរឿងរ៉ាវខាងលើ មកពីជនរងគ្រោះកាប់ដើមចេក ជនសង្ស័យត្រូវជាបងថ្លៃអស់២ដើម មិនប្រាប់ ហើយវាយជនសង្ស័យថែមទៀតផង ៕
ដោយ៖សុខសុភ័ណ្ឌ រូបថតអធិការដ្ឋាន

To Top