ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ របស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន បានស្រាវជ្រាវរកឃើញ ផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេ នៅភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ។
បន្ទាប់ពីទទួលបានព័ត៌មាន និង ការសហការពីថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក្រុមការងារបានចុះ ទៅពិនិត្យនៅក្នុងរណ្តៅដី មួយកន្លែង នៅទីតាំងជើងភ្នំកងវ៉ា និងបានពិនិត្យឃើញថា មានវត្កមាននៃផូស៊ីលដើមឈើមួយចំនួន ។ ក្រោយពីចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់ ស្រទាប់ដី ឬថ្ម ដែលបានរកឃើញ ផូស៊ីលឈើ នោះក៏មានទំនាក់ទំនងជាមួយពពួក ផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។
លោក លឹម វណ្ណាច័ន្ទ បានបញ្ជាក់ថា តាមរយៈការសិក្សាប្រៀបធៀបនេះ ផូស៊ីលឈើទាំងនោះអាចស្ថិត នៅលើកោះ ឬដីគោកក្នុងពេលមួយ គឺក្នុងសម័យកាល Permian ដែលមានអាយុ ចន្លោះពី២៥០ ទៅ៣០០លានឆ្នាំ ក្នុងស័ក Paleozoic ។ អ្នកជំនាញបានបញ្ជាក់ថា នេះជាផូស៊ីលឈើចាស់ជាងគេ ដែលក្រុមការងារសិក្សាផូស៊ីល បានរកឃើញកន្លងមក នៅតាមតំបន់ការពារ ធម្មជាតិមួយចំនួននៅកម្ពុជា។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រុមការងារ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ការសិក្សាស្រាវជ្រាវផូស៊ីល នៅក្នុងខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមពីឆ្នាំ២០១៩កន្លងមក។ នៅខេត្តបន្ទាយមានជ័យ អ្នកាស្រាវជ្រាវ បានរកឃើញស្ថានីយផូស៊ីល ចំនួន១២ស្ថានីយ ដែលបានរកឃើញ វត្តមានផូស៊ីលសត្វសមុទ្រ ខ្យង ផ្កាថ្ម លាស … ក្នុងសម័យកាល Permian (252-299លានឆ្នាំ)។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការសិក្សាកន្លងមកនៅទីរួមខេត្តបន្ទាយមានជ័យ បានធ្វើឡើង នៅតំបន់បេតិភណ្ឌធម្មជាតិភ្នំបាក់ ភ្នំជញ្ជាំង ភ្នំស្វាយ ភ្នំកងវ៉ា ភ្នំខ្លាកូន (ដូងព្រះ) ដែលទាំងអស់នោះជាស្ថានីយផូស៊ីលសត្វសមុទ្រ ដែលធំជាងគេនៅកម្ពុជាផងដែរ ហើយនៅទីនោះក៏មានវត្តមាន បំណែកផុស៊ីលឈើតិចតួចផងដែរ ។
សូមបញ្ជាក់ថា ផូស៊ីលឈើត្រូវបានរកឃើញចំនួន ១៤កន្លែងរួចមកហើយនៅកម្ពុជា នៅក្នុងខេត្តរតនគីរី ស្ទឹងត្រែង ព្រះវិហារ កោះកុង និងបន្ទាយមានជ័យ។ ការរកឃើញពីផូស៊ីល បានបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺ ស្អាត បៃតង និងចីរភាព របស់ថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាន សហការជាមួយដៃគូនិងអ្នកពាក់ព័ន្ធ ក្នុងបុព្វហេតុធនធានធម្មជាតិនិងបរិស្ថានរបស់កម្ពុជា៕