បរទេស ៖ ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន និងកូរ៉េខាងត្បូង បានប្តេជ្ញាចិត្តកាលពីថ្ងៃចន្ទក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រឲ្យស៊ីជម្រៅចំពោះមុខការអះអាង របស់ចិន ចំពោះការទាមទាររបស់ខ្លួនជុំវិញ សមុទ្រចិនខាងត្បូង។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol និងសមភាគីហ្វីលីពីនលោកប្រធានាធិបតី Ferdinand Marcos បានជួបប្រជុំគ្នានៅទីក្រុងម៉ានីល ហើយបានយល់ព្រមលើ ទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសទាំងពីរ។
លោក Yoon បាននិយាយថា ពួកគេនឹងពង្រឹង “ការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ការចែករំលែកព័ត៌មាន និងធ្វើបេសកកម្មស្វែងរក និងជួយសង្គ្រោះ”។
លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីថា “យើងបានចែករំលែកការយល់ដឹងរួមអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅក្នុងសមុទ្រចិនខាងត្បូង” ។
លោកបានបន្ថែមថា “ប្រទេសរបស់យើងទាំងពីរនឹងបន្តធ្វើការជាមួយគ្នាដើម្បីបង្កើតសណ្តាប់ធ្នាប់ដែនសមុទ្រដែលផ្អែកលើច្បាប់ និងសម្រាប់សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរតាមគោលការណ៍ច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង”។
ប្រទេសកូរ៉េខាងត្បូងបានធ្វើអត្ថាធិប្បាយម្តងហើយម្តងទៀតអំពីភាពតានតឹងក្នុងដែនទឹកជម្លោះ ដោយកាលពីខែមីនា ទីក្រុងសេអ៊ូលបានសម្តែង “ការព្រួយបារម្ភជាខ្លាំង” ចំពោះ “ការប្រើប្រាស់កាណុងបាញ់ទឹកម្តងហើយម្តងទៀតរបស់ចិន ប្រឆាំងនឹងនាវាហ្វីលីពីន” នៅក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា