ព័ត៌មានជាតិ

ពលរដ្ឋខ្វះខាត៣០០គ្រួសារ នៅស្រុកកំពង់ ស្វាយខេត្តកំពង់ធំ បានទទួលអំណោយ របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន

កំពង់ធំ÷ លោក នួន ផារ័ត្ន អភិបាលខេត្ត អមដំណើរដោយលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋដែលមានជីវភាព លំបាកខ្វះខាតចំនួន៣០០គ្រួសារ ស្ថិតឃុំត្រពាំងឬស្សី នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។

លោក នួន ផារ័ត្ន ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច និងលោក  អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ដែលបានយកចិត្ត ទុកដាក់សហការគ្នា ក្នុងការចែកអំណោយ ជូនដល់បងប្អូន ដែលមានជីវភាពខ្វះខាត ។ នៅក្នុងឱកាសនេះបង្ហាញឱ្យឃើញពីការ យកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច តែងតែយកចិត្តទុក ដាក់ដល់សុខុមាលភាព បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋ ណាម្នាក់ដាច់បាយស្លាប់ ដោយសារអាជ្ញាធរ ឬរាជរដ្ឋាភិបាល ពុំបានដឹងនោះឡើយ ។

សម្រាប់អំណោយ ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ ទាំង៣០០គ្រួសារ នៅពេលនេះ ក្នុង១គ្រួសារៗទទួលបាននូវ ៖ អង្ករ ត្រីខ ភួយ  និងទឹកស៊ីអ៊ីវផងដែរ ដែលជាអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ៕
ដោយសំនៀង

To Top