ព័ត៌មានជាតិ

កម្ពុជា-នូវ៉ែលសេឡង់ បង្ហាញឆន្ទៈជំរុញ និងបង្កើនទំហំ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅថ្ងៃទី១០ តុលា នេះ បានជួបពិភាក្សាទ្វេភាគីជាមួយលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ខណៈបង្ហាញពីឆន្ទៈជំរុញ និងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ប្រទេសនូវ៉ែលសេឡង់ ក្នុងដំណេីរការស្វែងរកសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្ដិភាពកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ការចូលរួមបោសសម្អាតមីននៅកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់ជាដើម។

ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលមួយចំនួន រួមមាន៖ វិស័យអប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញពីឆន្ទៈ ក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសលើវិស័យកសិកម្ម។

ចំពោះវិស័យថាមពល ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីភាពប្រហាក់ប្រហែលគ្នា និងឈានមុខគេលើការ ប្រើប្រាស់ថាមពលស្អាត ដោយប្រទេសទាំងពីរបាន ប្ដេជ្ញាបន្តបង្កើនការប្រើប្រាស់ ថាមពលស្អាតឱ្យកាន់តែច្រើនថែមទៀត នាថ្ងៃអនាគត ។

ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ប្រមុខរដ្ឋាភិបាល ទាំងពីរបានបង្ហាញនូវប្ដេជ្ញាចិត្តដើម្បីជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង ការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេស នូវ៉ែលសេឡង់។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពប្រគល់ការងារឱ្យក្រសួងការបរទេស នៃប្រទេសទាំងពឹរ ពិនិត្យលទ្ធភាពបង្កើតជាផ្លូវការ នូវយន្តការពិគ្រោះយោបល់ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនទានគ្នា អំពីកិច្ចការតំបន់ និងអន្តរជាតិ ដោយផ្ដោតលើការថែរក្សាសុខសន្ដិភាព និងស្ថេរភាព ដែលជាកត្តាកំណត់នៃការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

To Top