ព័ត៌មានជាតិ

កាណាដា នឹងបើកស្ថានឯកអគ្គរាជទូត នៅភ្នំពេញ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងវៀងចន្ទន៍ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានឱ្យដឹងថា ខ្លួនគ្រោងបើកស្ថាន ឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ ។

ក្នុងជំនួបរវាងថ្នាក់ដឹកនាំ ទាំងពីរ លោក Justin Trudeau បានគូសបញ្ជាក់ ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

លោកនាយករដ្ឋមន្ត្រីកាណាដា បានលេីកឡេីងថា “ក្នុងការពង្រឹង ទំនាក់ទំនងលើវិស័យការទូត ដោយកាណាដាគ្រោង បើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ”។

ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដា នឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរ នៅមានសក្ដានុពលជាច្រើនទៀត ។

ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រីកាណាដា ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ានបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដាត្រូវបានអនុម័ត នាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណកាណាដា ដែលបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែង ស្វែងរកសុខសន្ដិភាព នៅកម្ពុជា តាមរយៈការបញ្ជូន កងរក្សាសន្ដិភាព នៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែកបោស សម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា ។

បន្ថែមលើនេះ សម្ដេចធិបតី បានប្រាប់លោក Justin Trudeauថា កាណាដា ជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលការណ៍នេះ បានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។

ក្នុងនោះដែរ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់ នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯក អគ្គរាជទូតកម្ពុជានៅកាណាដា ជាដើម។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីកែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និង សំណូមពររបស់វិស័យឯកជន ជាមួយនឹងការកែលម្អបរិយាកាស វិនិយោគឱ្យកាន់តែល្អប្រសើរ និងមានលក្ខណៈអំណោយផល ព្រមទាំងបានដាក់ចេញនូវវិធានការលើកទឹកចិត្តនានា សំដៅជួយវិស័យឯកជនឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក Justin Trudeau នាយករដ្ឋមន្ត្រី នៃកាណាដា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងអំឡុងពេលថ្នាក់ ដឹកនាំទាំងពីរ អញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីនោះ៕

To Top