បេរ៉ាត់/ហ្គាហ្សា៖ កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអ៊ែល បានបន្តការវាយលុកនៅក្នុងប្រទេសលីបង់ និងតំបន់ហ្គាហ្សាស្ទ្រីប ដោយបន្តឆ្ពោះទៅមុខជាមួយនឹងគោលដៅ យោធារបស់ខ្លួននៅលើរណសិរ្សទាំង២ ។
យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ អ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមផ្លូវអាកាស យ៉ាងសន្ធប់ទៅលើកណ្តាលទីក្រុងបេរ៉ាត់ ដោយសំដៅទៅលោក Wafiq Safa ប្រធានអង្គភាពទំនាក់ទំនង និងសម្របសម្រួលរបស់ក្រុមហេសបូឡាហ៍ ។ ការវាយប្រហារនេះបានបណ្តាលឱ្យ មនុស្សស្លាប់តិចបំផុតចំនួន២២នាក់ និងរបួស១១៧នាក់ ។
អគ្គីភ័យដ៏ធំមួយបានផ្ទុះឡើង ហើយមានផ្សែងហុយចេញពី អគារមួយនៅក្នុងទីក្រុង al-Noueiri ដែលជាតំបន់ដែលមានប្រជាជនរស់នៅ យ៉ាងច្រើននៃកណ្តាលទីក្រុង បេរ៉ាត់ ក្រោយពីមានការវាយប្រហារតាមផ្លូវអាកាស ។ រថយន្តសង្គ្រោះត្រូវបានបញ្ជូន ទៅកាន់កន្លែងកើតហេតុ ហើយក្រុមមនុស្សបាន ប្រមូលផ្តុំគ្នានៅជិតទីតាំងគោលដៅ រូបភាពផ្សាយដោយទូរទស្សន៍របស់ទូរទស្សន៍លីបង់ Al Jadeed បានបង្ហាញឲ្យដឹង ។
លើសពីនេះ ប្រភពពីប្រទេសលីបង់បានរាយការណ៍មកថា នៅពេលរសៀល និងនៅពេលល្ងាច យន្តហោះចម្បាំងអ៊ីស្រាអ៊ែល បានបើកការវាយឆ្មក់ចំនួន១៦លើក នៅភាគខាងត្បូងនៃប្រទេសលីបង់ និង ៩ លើកទៀតនៅភាគខាងកើតនៃប្រទេសលីបង់ ដែលបណ្តាលឱ្យមនុស្សចំនួន ២១នាក់បានស្លាប់ និង ៤១នាក់បានរងរបួស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា