ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី គ្រោងនឹងនាំចូលសត្វគោក្របីតិចបំផុត ១,៣លានក្បាល ដើម្បីបំពេញតម្រូវការសាច់ នៅក្នុងស្រុក និងគាំទ្រដល់កម្មវិធីអាហារឥតគិតថ្លៃ

Xinhua

ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងនាំចូលសត្វគោក្របីតិចបំផុតចំនួន១,៣លានក្បាល ដើម្បីបំពេញតម្រូវការសាច់នៅក្នុងស្រុករបស់ខ្លួន និងគាំទ្រដល់កម្មវិធីអាហារឥតគិតថ្លៃ ។

ក្រសួងកសិកម្មរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរការនាំចូលនឹងចាប់ផ្តើម បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Prabowo Subianto ចូលកាន់តំណែងនៅចុងខែនេះ ។ កម្មវិធីអាហារឥតគិតថ្លៃ ដែលផ្តួចផ្តើមដោយលោក Prabowo មានគោលបំណងផ្តល់អាហារថ្ងៃត្រង់ ឥតគិតថ្លៃប្រចាំថ្ងៃដល់សិស្សទាំងអស់ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីដោះស្រាយតម្រូវការអាហារូបត្ថម្ភរបស់ពួកគេ ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម Sudaryono នៅទីក្រុងហ្សាការតា បានលើកឡើងថា “គិតត្រឹមថ្ងៃនេះ មានក្រុមហ៊ុនជាង៤០ បានយល់ព្រមចូលរួមនៅក្នុងកម្មវិធីនាំចូលនេះ ។ យើងត្រូវនាំចូលសត្វគោក្របីដើម្បីគាំទ្រកម្មវិធីនេះ ។ បើមិនដូច្នេះទេ វាអាចចំណាយពេលរាប់រយឆ្នាំ សម្រាប់សត្វចិញ្ចឹមក្នុងស្រុករបស់យើងក្នុងការបន្តពូជ និងបំពេញតម្រូវការជាតិ” ។

លោកបានពន្យល់ថា ប្រទេសឥណ្ឌូណេស៊ី នាពេលបច្ចុប្បន្ននេះមានសត្វពាហនៈចំនួន ១២លានក្បាល ដែលត្រៀមរួចជាស្រេចសម្រាប់ការសម្លាប់ ដែលវាមិនគ្រប់គ្រាន់សម្រាប់ពលរដ្ឋចំនួន ២៧០លាននាក់នោះទេ ។

លោក Sudaryono ក៏បានកត់សម្គាល់ដែរថា ការចិញ្ចឹមគោក្របីក្នុងស្រុក នៅតែមានបញ្ហាប្រឈម ដោយសារតម្លៃដីស្រែ និងចំណីគោខ្ពស់ ។ ទោះជាយ៉ាងណានេះ លោកសង្ឃឹមថា នឹងមានអ្នកជំនួញច្រើនទៀតមានឆន្ទៈ ក្នុងការវិនិយោគលើការចិញ្ចឹមគោ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top