ព័ត៌មានជាតិ

កម្ពុជា បើកចំហស្វាគមន៍ ការចូលរួមវិនិយោគ ពីគ្រប់តួអង្គពាក់ព័ន្ធ

ភ្នំពេញ ៖ កម្ពុជា បើកចំហស្វាគមន៍ ការចូលរួមវិនិយោគ ពីគ្រប់តួអង្គពាក់ព័ន្ធ សំដៅឈានឆ្ពោះសម្រេចបាន នូវការធ្វើសមាហរណកម្ម និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងតំបន់ប្រកបដោយភាពរស់រវើក និងប្រសិទ្ធភាពខ្ពស់។

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាការតភ្ជាប់តំបន់មេគង្គ-ឥណ្ឌូនេស៊ី ក្នុងគោលបំណងចែករំលែកទស្សនទាន ស្តីពីការជំរុញ និងទាក់ទាញការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

លោក សួន សុផល បានធ្វើការគូសរំលេច អំពីសាវតារនៃការអភិវឌ្ឍ និងស្តារឡើងវិញ នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកកិច្ចការនេះជាការងារអាទិភាពគន្លឹះ។

ស្របគ្នាផងដែរ លោកបានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការជំរុញអភិវឌ្ឍន៍ និងដំឡើងកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដោយបើកចំហស្វាគមន៍ ការចូលរួមវិនិយោគ ពីគ្រប់តួអង្គពាក់ព័ន្ធ, វិស័យឯកជន, ក៏ដូចជាដៃគូអភិវឌ្ឍន៍សំដៅ ឈានឆ្ពោះសម្រេចបាន នូវការធ្វើសមាហរណកម្ម និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងតំបន់ប្រកបដោយភាពរស់រវើក និងប្រសិទ្ធភាពខ្ពស់។

លើសពីនេះ លោក ក៏បានឆ្លៀតយកឱកាស នៃវេទិកាខាងលើ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគលើគម្រោងចំនួន១៧៤ នៃផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ផងដែរ៕

To Top