ព័ត៌មានជាតិ

រដ្ឋាភិបាលចិន ប្រកាសបន្តគាំទ្រកម្ពុជាលើការរក្សាឯករាជ្យភាព និងអធិបតេយ្យភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ៖ រដ្ឋាភិបាលចិនបន្តគាំទ្រដល់ប្រទេសកម្ពុជា លើការរក្សាឯករាជ្យភាព និងអធិបតេយ្យភាព និងការអភិវឌ្ឍលើគ្រប់វិស័យដោយគោរពតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសយើងរៀងខ្លួន ដើម្បីជំរុញឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិទ្វេភាគីកាន់តែរឹងមាំទ្វេឡើងថែមទៀត។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅឯប្រទេសឡាវកាលពីពេលថ្មីៗនេះ។ នៅក្នុងសន្និសីទសារព័ត៌មាន រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ថា ជំនួបរវាងឯកឧត្តម លី ឈាង និងសម្តេចហ៊ុនម៉ាណែតនេះ គឺជាលើកទី៤ហើយ បន្ទាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧បានបង្កើតឡើង។

ឯកឧត្តម វ៉ាង វិនពិនបានបន្តថា ជំនួបនេះ បានជំរុញឱ្យប្រទេសយើងទាំងពីរបង្កើនទំនុកទុកចិត្តកាន់តែស៊ីជម្រៅ ហើយជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់កសាង សហគមន៍ជោគវាសនារួមកម្ពុជាចិន។

ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍន៍ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ចិនបានផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេ សម្រាប់ច្រករបៀងមច្ឆានិងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។

នៅក្នុងជំនួបនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានៅតែបន្តប្រកាន់ភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ ទំនាក់ទំនងជាមួយប្រទេសចិន។ ម៉្យាងវិញទៀតកម្ពុជាប្រកាសជំហរប្រកាន់ភ្ជាប់នូវគោលនយោបាយចិនតែមួយដោយចាត់ទុកបញ្ហាពាក់ព័ន្ធទៅនឹងតៃវ៉ាន់ ទីបេ ស៊ីជាំង ហុងកុងជាបញ្ហាផ្ទៃក្នុងរបស់ចិន។
នៅក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម វ៉ាង វិនពិនក៏បានបង្ហាញពីលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុង កិច្ចប្រជុំអាស៊ានចិន ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសឡាវផងដែរ ដែលបាននាំមកនូវផលប្រយោជន៍សម្រាប់ជាជននៅក្នុងតំបន់ និងសកលលោក៕

To Top