ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ ធនធានទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសបំពេញ បេសកកម្មការងារ នៅខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពការងារ ស្តារស្ទឹងស្លាប់ នៃគម្រោងអភិវឌ្ឍន៍ ទំនប់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ ។

សូមជម្រាបថា គម្រោងស្តារស្ទឹងស្លាប់ មានការងារសំខាន់ៗដូចជា ៖ ទី១)ស្ដារស្ទឹងស្លាប់ប្រវែង ៣០គីឡូម៉ែត្រ មានទំហំបាតក្រោម ២០ម៉ែត្រ មាត់លើ ៦០ម៉ែត្រ មានខ្នងទំនប់សងខាងទំហំ ៦ម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យតូចធំប្រមាណ ១១៧កន្លែង ។

គម្រោងនេះ មានសក្ដានុពល ជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូប ក្នុងមួយវិនាទីពីក្រុងស្ទឹងសែន និងតំបន់ជុំវិញ និងបានដើរតួនាទី យ៉ាងសំខាន់ផងដែរ ក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រពផ្ទៃដី បង្កបង្កើនផល នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៣៥% ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរក៏បានអញ្ជើញចុះពិនិត្យស្ថានភាពអាងទឹកស្ទឹងជីនិតស្ថិតនៅក្នុងឃុំព្នៅ ស្រុកសន្ទុក និងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ។

សូមញ្ជាក់ថា អាងស្ទឹងជីនិតមានផ្ទៃដី ៨២៣៦គីឡូម៉ែត្រក្រឡា គ្របដណ្ដប់លើផ្ទៃដីខេត្ដចំនួន ៦រួមមាន៖ ខេត្ដកំពង់ធំ ខេត្ដកំពង់ចាម ខេត្ដកំពង់ឆ្នំាង ខេត្ដក្រចេះ ខេត្ដព្រះវិហារ និង ខេត្ដស្ទឹងត្រែង ។ ក្នុងគោលបំណង ដើម្បីសម្រួលដល់ការប្រើប្រាស់ ក៏ដូចជាការធ្វើដំណាំកសិកម្ម របស់បងប្អូន ប្រជាពលរដ្ឋ នៅតាមដងស្ទឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់សំណង់ ស្ទាក់ទឹកចំនួន ២កន្លែង គឺ ទី១)សំណង់បង្ហៀរ ទំនប់អាងទឹក១មករា ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្ដកំពង់ធំ មានសមត្ថភាពស្ដុកទឹក បានប្រមាណ ៣៩លានម៉ែត្រគូប និងមានលទ្ធភាព ក្នុងការស្រោចស្រពស្រូវប្រំាងប្រមាណ ៩២០០ ហិកតា និងស្រូវវស្សា ១៩៥០០ហិកតា និងទី២)សំណង់ស្ទាក់ទឹកស្ទឹងជីនិតព្នៅកងមាស ស្ថិតនៅក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ៕

To Top