ព័ត៌មានជាតិ

កម្ពុជា មិនចូលរួមយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ប្រឆាំងប្រទេស ឬប្លុកណានោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ាន គឺកម្ពុជា មិនចូលរួមជាមួយដាច់ខាត ចំពោះយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ ដែលនាំឱ្យប៉ះពាល់ដល់ នយោបាយអព្យាក្រឹត្យរបស់កម្ពុជា ។

ក្នុងព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជា​ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី មានប្រសាសន៍ថា “ឥឡូវនេះ វាមានយន្តការច្រើន ដែលបង្កើតជាពិសេសនៅក្នុងតំបន់របស់យើង ហើយជាពិសេសយន្តការខ្លះ គឺមិនពាក់ព័ន្ធ ឬពាក់ព័ន្ធតិចតួចជាមួយសេដ្ឋកិច្ច ប៉ុន្តែមានចរិតលក្ខណៈជានយោបាយ សន្តិសុខ ដែលអាចប៉ះពាល់ទៅដល់ នយោបាយអព្យាក្រឹត្យរបស់យើង” ។

ជាមួយគ្នានេះ សម្តេចធិបតី សង្កត់ធ្ងន់ថា “សូមបញ្ជាក់ឱ្យច្បាស់ កម្ពុជា មិនចូលរួមជាមួយយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ នេះគោលនយោបាយរបស់កម្ពុជា កាលពីមុន ហើយយើងនៅបន្ត យើងចូលជាមួយប្លុក យើងចូលជាមួយយន្តការ ដែលមានទិសដៅរួមក្នុងការបង្កើតឡើង ក្នុងការថែរក្សា សុខដុមនីយកម្ម សុខសន្តិភាព វិបុលភាពនៅក្នុងតំបន់ ជំរុញការអភិវឌ្ឍន៍រួមគ្នានៅក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងយន្តការដែលថែរក្សាសន្តិភាព នៅក្នុងតំបន់ ព្រោះកម្ពុជា ត្រូវការសន្តិភាព សន្តិភាពផ្ទៃក្នុងប្រទេសត្រូវថែរក្សាឱ្យបាន ប៉ុន្តែសន្តិភាពនៅក្នុងតំបន់ក៏ចាំបាច់ដែរ” ។

សម្តេចធិបតី បានលើកឡើងជាឧទាហរណ៍ស្រាប់ថា គ្រាន់តែជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ក៏ដូចជាជម្លោះនៅមជ្ឈឹមបូព៌ា បានធ្វើឱ្យទំនិញ ទាំងការនាំចេញរបស់កម្ពុជា និងការនាំចូល មានការឡើងថ្លៃ ដែលជះឥទ្ធិពលបង្កជាផលលំបាក ដល់ការរស់នៅរបស់ពលរដ្ឋកម្ពុជាបាត់ទៅហើយ ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា “សម្រាប់កម្ពុជា ជាសមាជិកអង្គការសហប្រជាជាតិមួយ ហើយជាសមាជិករបស់អាស៊ាន យើងចូលរួមយន្តការណា ដែលបានផ្តល់ផលប្រយោជន៍ក្នុងការថែរក្សា មិនបង្កើតឡើងដើម្បីប្រឆាំងប្រទេសណា ឬប្លុកណា មិនប្រកួតប្រជែង តែជាសមាហរណកម្ម ដើម្បីបំពេញឱ្យគ្នា ជាពិសេសជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចរួមគ្នា ថែរក្សាសន្តិភាព ស្ថេរភាព” ៕

To Top