ព័ត៌មានជាតិ

ក្រុងកំពង់ចាម បានប្រកាសជាផ្លូវការ ជាក្រុងទេសចរណ៍គ្មានផ្សែងបារី

កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានអញ្ជើញប្រកាសជាផ្លូវការ ក្រុងកំពង់ចាម ជាក្រុងទេសចរណ៍គ្មានផ្សែងបារី ។ ពិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកស្រី Marianna TRIAS ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ថ្វីត្បិតតែវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម មិនស្ថិតក្នុងតំបន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជារាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសានក៏ដោយ ប៉ុន្តែដោយសារកត្តាសុខសន្តិភាព ស្ថេរភាពសង្គម កំណើនលើវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជាមានការ ប្រែប្រួលរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសខេត្តកំពង់ចាម ក៏ទទួលបានផ្លែផ្កាពីកំណើនទេសចរណ៍នេះផងដែរ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ខេត្តទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៦លាននាក់ (ចំនួន៥,៥៩១,១៦៦ នាក់) ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥,៥៨៤,៤៩៤ នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦,៦៧២ នាក់។

ទន្ទឹមនឹងនេះ ខេត្តបានខិតខំទាញយកសក្តានុពលដែលមាន តាមរយៈការបង្កើតរមណីយដ្ឋានអេកូទេចរណ៍នៅកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ដែលធ្វើឱ្យមានរមណីយដ្ឋានរហូតដល់ ១១កន្លែង ក្នុងទូទាំងខេត្ត។ ក្នុងនោះ រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្ត មានចំនួន ០៥កន្លែង និងរមណីយដ្ឋានធម្មជាតិកែច្នៃ មានចំនួន ០៦កន្លែង។ បន្ថែមពីនេះខេត្ត បានជម្រុញឱ្យមន្ទីរបាន ធ្វើការផ្សព្វផ្សាយជាប្រចាំដល់បណ្ដាមូលដ្ឋាន អាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់នៅក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើអនាម័យ និងសេវាល្អ បរិស្ថានគ្មានផ្សែងបារីផងដែរ ពីសំណាក់ប្រតិបត្តិករទេសចរណ៍ (វិស័យឯកជន) ដើម្បីបម្រើបាននូវតម្រូវការ និងទាក់ទាញភ្ញៀវទេសចរឱ្យ មកទស្សនាម្ដងហើយម្ដងទៀត ក្នុងទឹកដីនៃខេត្តកំពង់ចាមរបស់យើង។

ក្នុងឱកាសនោះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីធានា បាននិរន្តរភាពទីក្រុងទេសចរណ៍គ្មានផ្សែងបារី សម្រាប់រដ្ឋបាលក្រុងកំពង់ចាម ដែលមានដូចតទៅ៖

ទី១ ៖ បន្តអនុវត្តជាប្រចាំនូវគោលការណ៍ បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ឲ្យស័ក្តិសមជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

ទី២ ៖ លើកកម្ពស់ការយល់ដឹងអំពី ផលប៉ះពាល់នៃផលិតផលថ្នាំជក់ជាប្រចាំ
នៅតាមវេទិកា និងជំរុញឲ្យមានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យ ថ្នាំជក់ឲ្យបានទូលំទូលាយថែមទៀត។

ទី៣ ៖ បន្តប្រតិបត្តិជាក្រុងគំរូ ដើម្បីលើកកម្ពស់គុណតម្លៃ នៃវិស័យទេសចរណ៍ និងជាគោលដៅ
ទេសចរណ៏ជម្រើសពេញនិយម របស់ភ្ញៀវទេសចរ ៕

To Top