ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រី បច្ចេកទេស ចុះពិនិត្យទីតាំង សម្រាប់សាងសង់ស្ថានីយរ៉ាដាបន្ថែម ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យទីតាំង សម្រាប់សាងសង់ស្ថានីយរ៉ាដាថ្មី នៅភូមិសាស្ត្រតំបន់ភ្នំប្រសិទ្ធិ៍ ក្រុងឧដ្ដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យជាក់ស្តែង នាពេលនេះគឺក្នុងគោលបំណងរកទីតាំង សមស្របមួយ សម្រាប់ដំឡើង ស្ថានីយរ៉ាដាថ្មីបន្ថែម ដែលនឹងជួយផ្តល់ទិន្នន័យ ទាន់ពេលវេលា (real_time) បម្រើដល់ការព្យាករ អាកាសធាតុ និងធាតុអាកាស ដើម្បីជួយដល់ការ គ្រប់គ្រងវិស័យធនធានទឹក និង បម្រើលើគ្រប់វិស័យដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ដែលជាការចាំបាច់ ក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំដល់នាយកដ្ឋានជំនាញក្រសួង ឱ្យធ្វើការសិក្សាបន្ថែមទៀត ទៅលើលក្ខណៈបច្ចេកទេស នៅទីតាំងនេះ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពប្រាកដថា ទីតាំងនេះមានសក្តានុពលគ្រប់គ្រាន់ សម្រាប់ការសាងសង់ស្ថានីយរ៉ាដា ដែលបម្រើឱ្យការព្យាករ កាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ៕

To Top