ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ គូសបញ្ជាក់ថា អង្គការណាតូ មិនត្រូវជាភាគីនៃសង្គ្រាមនោះទេ

AFP

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបញ្ជាក់សារជាថ្មី នូវការគាំទ្រឥតងាករេ ចំពោះអ៊ុយក្រែន ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅទីក្រុងប៊ែរឡាំង ប៉ុន្តែលោក Scholz បានសង្កត់ធ្ងន់ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) មិនត្រូវក្លាយជា  ភាគីនៃសង្គ្រាមនោះទេ។

លោក Scholz បានលើកឡើងថា “យើងឈរជាមួយអ៊ុយក្រែន ដរាបណាវាត្រូវការ” ដោយបន្ថែមថាសកម្មភាព ត្រូវបានសម្របសម្រួលយ៉ាង ជិតស្និទ្ធនៅទូទាំងអាត្លង់ទិក ។

លោកបានសង្កត់ធ្ងន់ថា អង្គការណាតូ មិនត្រូវក្លាយជាភាគីនៃសង្រ្គាម ដើម្បីទប់ស្កាត់វាពីការបង្ក គ្រោះមហន្តរាយកាន់តែខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក បៃដិន បានកត់សម្គាល់ថា ភាគីទាំងពីរនឹងជួបពិភាក្សាគ្នា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីបង្កើនការគាំទ្រ ដល់យោធាអ៊ុយក្រែន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ថាមពលស៊ីវិលរបស់អ៊ុយក្រែន និងជួយអ៊ុយក្រែនងើបឡើងវិញ ដោយការដោះសោតម្លៃនៃទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top