ភ្នំពេញ ៖ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានជូនដំណឹងដល់សាធារណជន ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគ វិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ តទៅ ខណៈថវិកា ទទួលបានគិតត្រឹមថ្ងៃទី២០ តុលាមានចំនួន២៦,៣៣២,៨៨៣,០០ដុល្លារ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ តុលា ឱ្យដឹងនេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី សូមថ្លែងអំណរ ព្រះគុណថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនជនរួមជាតិប្រមាណជិត ៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទាន ស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន ២៦,៣៣២,៨៨៣,០០ដុល្លារ»។
វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។
តាមរយៈសេចក្ដីជូនដំណឹង ខាងលើនេះ សម្រាប់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណង ចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធ តាមព្រំដែន» សូម បន្តទាក់ទងក្រុមការងារមូលនិធិ និង ធ្វើការបរិច្ចាគទៅកាន់គណនី ធនាគាររបស់មូលនិធិ ឱ្យបានរួសរាន់នៅ មុនថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ ៕