ហៅស្តុន៖ បើយោងតាមអាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស០២នាក់បានស្លាប់ និងចំនួន៣៨នាក់រងរបួស ហើយមនុស្សជិត៣០០នាក់ត្រូវបានជួយសង្គ្រោះ ក្រោយពីមានគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ចុះ យ៉ាងខ្លាំងបានហូរកាត់ផ្លូវ និងផ្ទះសម្បែងនៅក្នុងទីក្រុង Roswell ដែលជាទីក្រុងមួយស្ថិតនៅភាគអាគ្នេយ៍ភ្នំនៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ។
ទឹកភ្លៀងបាននាំមកនូវការខូចខាត យ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង និងអាជីវកម្មនៅក្នុងទីក្រុងដែលមាន ប្រជាជនរស់នៅជាង ៩១.៧០០នាក់ ។ អាជ្ញាធរបានឲ្យដឹងទៀតថា អ្នកស្រុកជាច្រើននាក់បានរាយការណ៍មកថា ទឹកជន់លិចចូលផ្ទះ និងអគារ ។
រដ្ឋបាលក្រុង Roswell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “អ្នកបើកបរយានយន្តជាច្រើន បានជាប់គាំងនៅគ្រាដែលរថយន្តរបស់ពួកគេ បានជាប់គាំងនៅក្នុងទឹកជំនន់ នៅតាមដងផ្លូវជាច្រើន” ។
សេចក្តីថ្លែងការណ៍បានដាក់ថា “មនុស្សមួយចំនួនត្រូវរង់ចាំការជួយសង្គ្រោះ នៅលើយានជំនិះរបស់ពួកគេ ដែលត្រូវបានគ្របដណ្តប់ដោយទឹក ។ រថយន្តមួយចំនួនត្រូវបានទឹកហូរចូលទៅក្នុងទន្លេ” ។
ក្រុមឆ្មាំប្រចាំរដ្ឋ New Mexico បានឲ្យកាលពីព្រឹកថ្ងៃអាទិត្យថា ពួកគេបានជួយសង្គ្រោះមនុស្ស យ៉ាងហោចណាស់ចំនួន ២៩០នាក់ពីគ្រោះទឹកជំនន់នេះ ហើយយ៉ាងហោចណាស់មនុស្សចំនួន ៣៨នាក់ ក្នុងចំណោមពួកគេត្រូវបញ្ជូន ទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា