ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលអះអាងថា បានសម្លាប់បុរសម្នាក់ទៀត ដែលអាចជាបេក្ខភាពថ្មី ដឹកនាំក្រុមហេបូឡា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថា IDF បានប្រកាសថា ខ្លួនបានសម្លាប់អ្នកស្នងតំណែងបន្តពីមេដឹកនាំ Hezbollah លោក Hassan Nasrallah នៅក្នុងការវាយប្រហារតាមអាកាស កាលពីដើមខែនេះ។

កងកម្លាំងIDF បាន​និយាយ​ថាលោក Hashem Safieddine ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្រុង​បេរូត​ជាមួយ ​នឹង​ប្រធាន​ស៊ើបការណ៍​សម្ងាត់​របស់​ក្រុម។

IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ឥឡូវនេះយើងអាចបញ្ជាក់បានថា នៅក្នុងការវាយប្រហារប្រហែលបីសប្តាហ៍មុនលោក Hashem Safieddine ប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់ក្រុម Hezbollah និងលោក Ali Hussein Hazima ដែលជាប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ក្រុម Hezbollah ត្រូវបានសម្លាប់រួមជាមួយមេបញ្ជាការ Hezbollah ផ្សេងទៀតទៅហើយ។

គួរឲ្យដឹងដែរថា ការ​វាយ​ប្រហារ​នេះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ៤ ខែ​តុលា នៅ​ជាយក្រុង​បេរូត​នៃ​ក្រុង Dahieh ជា​តំបន់​ដែល​សម្បូរ​ដោយ​ក្រុម Shia និង​បន្ទាយធំរបស់​ Hezbollah។

IDF បាននិយាយថា យន្តហោះអ៊ីស្រាអែលបានបាញ់មីស៊ីល ទៅកាន់ទីស្នាក់ការចារកម្មក្រោមដីរបស់ Hezbollah ដែលមានទីតាំងនៅតំបន់ជនស៊ីវិលនៃទីក្រុង Dahieh ។ IDF បានបន្ថែមថាភេរវករប្រមាណជា ២៥នាក់ ស្ថិតនៅក្នុងទីស្នាក់ការកណ្តាល នៅពេលនៃការវាយប្រហារនោះផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top