ភ្នំពេញ ៖ ក្នុងជំនួបជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ តុលា នេះ នៅវិមានសន្ដិភាព លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ហុងគ្រី-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។
ក្នុងឱកាសនៃជំនួប លោកឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំ របស់សម្ដេចបវរធិបតី ដែលបានដាក់ចេញ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបាន និងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់។
ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និង យូរអង្វែងរវាងហុងគ្រី និងកម្ពុជា ដោយឯកឧត្តមបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្ត ឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើន។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ជាប្រពៃណី និងទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយសម្ដេចបានគូសបញ្ជាក់ថា យន្តការពិគ្រោះយោបល់ទ្វេភាគី រវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ជាយន្តការមួយដែលនឹងជួយពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្ដេចបវរធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការបន្តជំរុញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពមួយចំនួន ជាអាទិ៍៖ ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យធនធានទឹក និងធារាស្ត្រ ផងដែរ៕