ព័ត៌មានជាតិ

USAID នឹងវិនិយោគ ១២លានដុល្លារ លើកាបោស​ សម្អាតមីន នៅកម្ពុជា

ភ្នំពេញ ៖ លោកស្រី Samantha Power ប្រធានគ្រប់គ្រង ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការ អភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសនឹង វិនិយោគ ចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

នេះជាការគូសបញ្ជាក់ របស់ ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក (USAID) ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព ។

ក្នុងជំនួបនេះ លោកស្រី ប្រធានគ្រប់គ្រង ទីភ្នាក់ងារសហរដ្ឋអាមេរិក (USAID)បានកោតសរសើរ ចំពោះការរីកចម្រើន របស់កម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារ សង្គ្រាមស៊ីវិល អស់ជាច្រើនទសវត្សរ៍។

ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមក រវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន ៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន ។

លោកស្រី បានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការ គាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ។

ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការ វិនិយោគ ចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំ ប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ជាការឆ្លើយតប សម្ដេចបតី បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។

ក្នុងនោះ សម្ដេចធិបតី និងលោកស្រី Samantha Power ក៏បានពិភាក្សា អំពីគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់ផងដែរ៕

To Top