បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya បាននិយាយថា ភេរវករពីរនាក់ ដែលបានវាយប្រហារ ក្រុមហ៊ុន រកស៊ីក្នុងវិស័យការពារជាតិមួយនៅក្នុងទីក្រុងអង់ការ៉ាកាលពីថ្ងៃពុធត្រូវបាន សម្លាប់ ខណៈដែលកងកម្លាំង សន្តិសុខកំពុងស្វែងរកខ្មាន់កាំភ្លើងទីបី។
យោងតាមការប្រកាសដោយប្រធានាធិបតីតួគី Recep Tayyip Erdogan បានឱ្យដឹងថា ជនវាយប្រហារបីនាក់ បានសម្រុកចូលទីស្នាក់ការកណ្តាល នៃឧស្សាហកម្មអាកាសចរណ៍តួកគីហៅកាត់ថា TUSAS នៅជាយក្រុងនៃទីក្រុងអង់ការ៉ា ក្នុងអំឡុងពេលផ្លាស់ប្តូរវេនសន្តិសុខ ដោយបានសម្លាប់មនុស្ស៤នាក់ និង១៤នាក់ផ្សេងទៀតរងរបួស ។
ខណៈដែលរដ្ឋាភិបាលតួកគី បានហាមប្រាម ការរាយការណ៍ពីកន្លែងកើតហេតុ វីដេអូដែលមិនបានបញ្ជាក់ត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីបុគ្គលិកនៃកងកម្លាំងពិសេសប្រដាប់អាវុធយ៉ាងច្រើនបានសម្រុកចូលអគារ TUSAS តិចជាងមួយម៉ោងបន្ទាប់ពីការ វាយប្រហារបានចាប់ផ្តើម។
នៅថ្ងៃដដែលនោះមិនយូរប៉ុន្មានលោក Yerlikaya បានប្រកាសថា ៖ ភេរវករពីរនាក់ត្រូវបានសម្លាប់ហើយថា ការតស៊ូរបស់យើងនឹងបន្តដោយការតាំងចិត្ត និងការដោះស្រាយរហូតដល់ភេរវករ ចុងក្រោយត្រូវបានចាប់ខ្លួនឬបាញ់សម្លាប់ ។
លោកYerlikaya បានប្រាប់អ្នកយកព័ត៌មានថា អ្នកវាយប្រហារម្នាក់ក្នុងចំណោមអ្នកវាយប្រហារគឺជាស្ត្រីហើយរបាយការណ៍ដែលមិនបានបញ្ជាក់បានបង្ហាញថាអ្នកវាយប្រហារទីបីប្រហែលជាបានបំផ្ទុះខ្លួនគាត់ស្លាប់បាត់ទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី