កម្សាន្ត

Lisa សមាជិកក្រុម Blackpink នឹងមកចូលរួមពិធី Countdown ឆ្នាំថ្មី នៅផ្សារទំនើប IconSiam Mall ប្រទេសថៃ

AFP

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានបញ្ជាក់ថា Lalisa Manobal ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថា Lisa នៃក្រុម K-pop កូរ៉េ Blackpink នឹងចូលរួមក្នុងព្រឹត្តិការណ៍ Countdown ឆ្នាំថ្មីរបស់ប្រទេសថៃនៅ IconSiam Mall ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានរដ្ឋាភិបាល លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានសម្តែងការសាទរ ចំពោះព្រឹត្តិការណ៍នេះ ដោយបានឆ្លើយតបជាវិជ្ជមាន នៅពេលត្រូវបានសួរ អំពីការចូលរួមរបស់ Lisa ។

លោកស្រីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំ ដោយវិស័យឯកជនជាចម្បង បើទោះជាលោកស្រី មិនប្រាកដថាការរៀបចំទាំងអស់ ត្រូវបានបញ្ចប់ឬអត់ ។ លោកស្រីបានទទួលស្គាល់ថា «ខណៈដែលវិស័យឯកជន ដំណើរការពេញលេញ ខ្ញុំមិនប្រាកដថាជំហាន បន្ទាប់នឹងទៅជាយ៉ាងណានោះទេ»។

ដោយបង្ហាញពីមោទនភាព លោកស្រី ផែតងតាន បានបន្ថែមថា រដ្ឋាភិបាលនឹងអបអរសាទរ Lisa មិនត្រឹមតែដោយសារតែនាងជាតារាថៃ ដ៏គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែការទទួលស្គាល់ ជាសកលរបស់នាងផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top