ព័ត៌មានអន្តរជាតិ

លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាពិសេស សម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់ នៃថ្នាក់ក្រសួងនិងខេត្ត ដើម្បីសិក្សានិងអនុវត្តស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណ្តិទី២០ ដោយសង្កត់ធ្ងន់ថា ត្រូវសិក្សានិងអនុវត្តឱ្យបានស៊ីជម្រៅ នូវស្មារតីនៃកិច្ចប្រជុំពេញអង្គ

សិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់នៃថ្នាក់ក្រសួងនិងខេត្ត ដើម្បីសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅរសៀលថ្ងៃទី ២៩ ខែតុលា ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើក ដោយសង្កត់ធ្ងន់ថា យើងត្រូវសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ ឱ្យបានស៊ីជម្រៅ ដើម្បីណែនាំឱ្យបក្ស និងប្រជាជនក្នុងប្រទេសទាំងមូលបង្កើនជំនឿចិត្តចំពោះការធ្វើកំណែទម្រង់ ហើយប្រមូលផ្តុំកម្លាំងកាយចិត្តរបស់ប្រជាជនឱ្យបានកាន់តែច្រើនសម្រាប់ជំរុញការធ្វើកំណែទម្រង់ប្រកបដោយស្ថិរភាពនិងរឹងមាំ ។

លោក Xi Jinping បានលើកឡើងថា កាលពីកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៨ យើងបានចាប់ដំណើរការកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី និងជំរុញដំណើរថ្មីនៃកំណែទម្រង់តាមរយៈការរចនាប្រព័ន្ធជាទូទៅ ដែលបានត្រួសត្រាយស្ថានការណ៍ថ្មីនៃកំណែទម្រង់ និងការបើកទូលាយរបស់ចិន និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ។

ការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីទទួលបានសមិទ្ធផលជាក់ស្តែង និងសមិទ្ធផលជាប្រព័ន្ធក៏ដូចជាទ្រឹស្តីសំខាន់ៗ ដែលបានផ្តល់ជាកម្លាំងចលករយ៉ាងខ្លាំងក្លានិងការធានាជាប្រព័ន្ធយ៉ាងរឹងមាំសម្រាប់ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងបានបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងផ្តល់ជាបទពិសោធដ៏មានតម្លៃក្នុងដំណើរថ្មីនៃការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយបន្ថែមទៀត ៕

To Top